ព័ត៌មានសេដ្ឋកិច្ច

ជប៉ុន និងចិន ប្រជែងគ្នាសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឲ្យចំណាយតិច សង់លឿន

រាជរដ្ឋាភិបាលកម្ពុជា បានពន្លឿនការសិក្សា គម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ក្រុងបាវិត ឲ្យបានចប់រួចរាល់នៅចុងឆ្នាំនេះ ដើម្បីឈានទៅដល់ការចាប់ផ្តើមស្ថាបនា នៅឆ្នាំ ២០១៨ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

តាមការសិក្សារបស់ ភាគីជប៉ុន លើការអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រវែង ១៧០គីឡូម៉ែត្រ គឺអាចនឹងចំណាយទុនសាងសង់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក នឹងរយៈពេលសាងសង់ ១០ឆ្នាំ។

រីឯភាគីចិន ក៏កំពុងនឹងសិក្សាពីគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះដែរ ដើម្បីជាជម្រើសសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ធ្វើការប្រៀបធៀប។

យ៉ាងណាមិញ ការជម្រុញការសិក្សានេះ គឺដើម្បីឲ្យទាន់ទៅនឹងតម្រូវការអភិវឌ្ឍន៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈយានយន្តកំពុងមានការកើនឡើងខ្លាំង។

ការសិក្សាគម្រោងមានគោលបំណង ស្វែងរកលទ្ធភាព និងអត្ថប្រយោជន៍នៃការសាងសង់ផ្លូវល្បឿនលឿននេះ ហើយអត្ថប្រយោជន៍នៃគម្រោងនេះ រួមមាន ការកែលម្អ ការភ្ជាប់ទំនាក់ទំនង ការអភិវឌ្ឍន៍ក្នុងតំបន់ កាត់បន្ថយពេលធ្វើដំណើរ កាត់បន្ថយចំណាយលើការដឹកជញ្ជូន កាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ និងពង្រីកពាណិជ្ជកម្មជាមួយបណ្តាប្រទេសជិតខាង។

គម្រោងផ្លូវល្បឿនលឿននេះ នឹងក្លាយជាកាតាលីករ កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ និងជម្រុញការទាក់ទាញភ្ញៀវទេសចរ ជាពិសេសគឺសម្រួលដល់ការដឹកជញ្ជូនបានកាន់តែច្រើន។

មួយវិញទៀត គម្រោងនេះ ក៏តភ្ជាប់ទៅនឹងគម្រោងផ្លូវល្បឿនលឿនរបស់ប្រទេសវៀតណាម តភ្ជាប់ពីព្រំប្រទល់វៀតណាម (ខេត្ត Tay Ninh) ទៅទីក្រុងហូជីមិញ មានប្រវែង ៥៥គីឡូម៉ែត្រ គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៧០០លានដុល្លារអាមេរិក ហើយនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ១០ឆ្នាំ។

យោងតាមសារព័ត៌មានក្នុងស្រុករបស់ប្រទេសវៀមណាម ផ្លូវល្បឿនលឿនគឺមាន ៦គន្លង ដែលអនុញ្ញាតិឲ្យអ្នកបើកបរ អាចធ្វើដំណើរក្នុងល្បឿន ១២០គីឡូម៉ែត្រក្នុង ១ម៉ោង។

គួរជម្រាបផងដែរថា នៅពេលគម្រោងផ្លូវល្បឿនលឿននេះបញ្ចប់ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងបន្តកើនឡើងកាន់តែខ្លាំង និងជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាទាំងមូល ដោយតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន៕

មតិយោបល់