ព័ត៌មានអន្តរជាតិ

អាមេរិក នឹងបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប

អាមេរិកៈ ក្រុមមន្ត្រីទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃអង្គារថា យោធាខ្លួន គ្រោងនឹងធ្វើតេស្តសាកល្បងកាំជ្រួចមីស៊ីលផ្លោងអន្តរទ្វីប ICBM បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលរបស់ខ្លួន កាលពីប៉ុន្មានថ្ងៃកន្លងទៅ ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧។

តេស្តសាកល្បងនេះ នឹងត្រូវធ្វើទ្បើងនៅមូលដ្ឋានកងទ័ពអាកាស Vandenberg ក្នុងរដ្ឋកាលីហ្វញ៉ា ដែលជាធម្មតាវា ត្រូវការរៀបចំរយៈពេលជាច្រើនសប្តាហ៍ ឬច្រើនខែ ប៉ុន្តែសម្រាប់តេស្តមួយនេះ បានកើតឡើងចំពេលមានភាព តានតឹងកើនឡើង ជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង ជុំវិញការសាកល្បង ICBM កាលពីសប្តាហ៍មុន។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ យោធាអាមេរិក បានឲ្យដឹងថា គោលបំណងនៃការធ្វើតេស្តសាកល្បង ICBM គឺដើម្បីបញ្ជាក់ និងផ្ទៀងផ្ទាត់ប្រសិទ្ធភាព ក៏ដូចជាការត្រៀមខ្លួន និងដំណើរការត្រឹមត្រូវនៃប្រព័ន្ធអាវុធនេះប៉ុណ្ណោះ។

សូមជំរាបថា តេស្តសាកល្បងនេះ នឹងបាញ់មីស៊ីលប្រភេទ Minuteman III មួយគ្រាប់ ដែលត្រូវបានកំណត់វេលាម៉ោងចន្លោះពី ១២ និង០១ នាទីទៀបភ្លឺ ទៅ ០៦ និង ០១ នាទីព្រឹកថ្ងៃពុធ (ម៉ោងនៅរដ្ឋកាលីហ្វញ៉ា)៕

មតិយោបល់