ព័ត៌មានសេដ្ឋកិច្ច

សន្និសីទអន្តរជាតិស្តីពីប្រតិឃាត វិស័យទេសចរណ៍ រំពឹងកំណើនភ្ញៀវទេសចរកើនឡើងខ្លាំង

សៀមរាប: លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបិទ “សន្និសីទអន្តរជាតិស្តីពីប្រតិឃាត វិស័យទេសចរណ៍៖ ការអនុវត្តន៍អនាម័យសម្រាប់សុខុមាលភាពសង្គម សុខភាពប្រកបដោយបរិស្ថាន និងបង្គន់អនាម័យសាធារណៈ” នាល្ងាចថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប។

សេចក្តីប្រកាសអង្គរ ស្តីពីអនាម័យ ភាពស្អាត និងសុខភាពប្រកបដោយបរិស្ថាន គឺជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ដែលប្រសូតចេញពីការខិតខំប្រឹងប្រែង។ សេចក្តីប្រកាសនេះ គឺជាសមិទ្ធិផល និងផែនទីបង្ហាញផ្លូវមួយ ដែលបានចង្អុលបង្ហាញ និងតម្រង់ទិសដល់យើងទាំងអស់គ្នា ឲ្យអនុវត្តបន្តលើបញ្ហា អនាម័យ ភាពស្អាត និងសុខភាពប្រកបដោយប្រព័ន្ធអេកូសាស្រ្ត ជាសកម្មភាពមនុស្សធម៌ ដើម្បីឈានទៅសម្រេចឲ្យបាន នូវទស្សនវិស័យ គឺថា ដើម្បីសេចក្តីថ្លៃថ្នូររបស់មនុស្ស ជីវិតប្រកបដោយសុខភាពល្អ គឺត្រូវឲ្យពិភពលោកដឹងពីសារៈសំខាន់ នៃបង្គន់អនាម័យ ចំពោះសុខភាពសាធារណៈ និងអនាម័យ ក៏ដូចជាបង្កើត នូវវប្បធម៌បង្គន់ ប្រកបដោយភាពជឿនលឿន ហើយរួមចំណែកដល់មនុស្សជាតិ។

ជាលទ្ធផលប្រកបដោយផ្លែផ្កា និងផលិតភាព នៃសន្និសីទអន្តរជាតិ ហើយដោយសារតែអនាម័យ ភាពស្អាត និងសុខភាព ប្រកបដោយប្រព័ន្ធអេកូសាស្ត្រ បង្គន់អនាម័យ និងទេសចរណ៍ គឺមានទំនាក់ទំនង រវាងគ្នា និងគ្នា យ៉ាងល្អ តាមរយៈខ្សែបណ្តោយ និងខ្សែទទឹងជាប្រព័ន្ធមួយ។ ទាំងអស់គ្នា យើងអាចសម្រេចបាន នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយទទួលស្គាល់ថា យើងទាំងអស់គ្នាអាចដោះស្រាយ និងសម្រេចបានរបៀបវារៈ ប្រកបដោយអាទិភាព តាមរយៈយន្តការកិច្ចសហការ និងសហប្រតិបត្តិការអន្តរស្ថាប័ន និងវិស័យដែលពាក់ព័ន្ធ នៅថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់សាកល។ ដូចខ្ញុំបានលើកឡើងក្នុងសុន្ទរកថាបើករបស់ខ្ញុំថា “យើងទាំងអស់គ្នារួមគ្នាកាត់បន្ថយ និងឈានទៅលុបបំបាត់វដ្ត នៃការឆ្លងនូវមេរោគកំណាច និងភាពក្រីក្រ ព្រោះតែអសមធម៌ នៃអនាម័យ។ មិនគួរមានជនណាម្នាក់ ត្រូវទទួលការឈឺចាប់ រហូតដល់ស្លាប់ ដោយសារតែអវត្តមានបង្គន់អនាម័យ អនាម័យ និងភាពស្អាតនោះទេ”។

ឯកឧត្តម អស់លោក លោកស្រី ម្យ៉ាងវិញទៀត ក្នុងនាមខ្ញុំជារដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកំពុងនឹងបានលើមាគ៌ាមួយដ៏ប្រសើរ នៃការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន។ ពិសេសសម្តេចតេជោ តែងតែយកចិត្តទុកដាក់លើវិស័យទេសចរណ៍ ដោយឈរលើកត្តាស្ថេរភាពនយោបាយ ភាពស្អាត អនាម័យ សន្តិសុខ និងសុវត្ថិភាព។ ភាពស្អាត អនាម័យ សន្តិសុខ និងសុវត្ថិភាព មិនគ្រាន់តែរូបខាងក្រៅនោះប៉ុណ្ណោះទេ តែក៏ត្រូវយកចិត្តទុកដាក់ គិតដល់សុខភាពក្នុងសារពាង្គកាយ ដល់ទេសចរគ្រប់រូប ដែលអញ្ជើញមកពីជុំវិញពិភពលោក គឺថាចំណីអាហារត្រូវប្រកបដោយសុខភាព គោលដៅទេសចរណ៍ ក៏ត្រូវប្រកបដោយសុខភាព រួមជាមួយនឹងសោភណ្ឌភាពប្រកបដោយបៃតង និងសេវាកម្មល្អ។ កម្ពុជាកំពុងតែខិតខំអភិវឌ្ឍខ្លួន ឲ្យក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាពលំដាប់ថ្នាក់ពិភពលោក។ កម្ពុជាកំពុងខិតខំអភិវឌ្ឍខ្លួន ឲ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងទទួលខុសត្រូវលំដាប់ថ្នាក់ពិភពលោក សំដៅទាក់ទាញភ្ញៀវទេសចរ មកពីជុំវិញពិភពលោក។

យើងអាចមើលឃើញនឹងភ្នែក និងដឹងថាភាពស្អាត និងការអនុវត្តអនាម័យល្អត្រឹមត្រូវគឺជាតម្លៃ និងភាពថ្លៃថ្នូររបស់មនុស្ស ហេតុនេះប្រជាពលរដ្ឋ ត្រូវបានផ្តល់ការផ្សព្វផ្សាយអប់រំ និងបណ្តុះបណ្តាល សំដៅលុបបំបាត់ប្រពៃណីយ និងទំនៀមទំលាបមិនល្អ។ បន្ថែមលើសនេះទៀត បើការអនុវត្តល្អ ត្រូវបាន ប្រព្រឹត្តទៅយ៉ាងសមស្រប ជីវភាពប្រកបដោយចិរភាពរបស់ប្រជាពលរដ្ឋ អាចត្រូវបានធានា ព្រោះថាវាអាចជួយឲ្យមានដំណើរ ឬរក្សាបាននូវស្ថានភាពសេដ្ឋកិច្ចគ្រួសារ ព្រោះថា ពួកគេនឹងត្រូវចំណាយតិច ទៅលើថ្នាំសង្កូវ ឬថ្លៃព្យាបាលជម្ងឺ។

ឯកឧត្តម អស់លោក លោកស្រី ក្នុងភាពស្អាត និងអនាម័យ នៅពេលដែលគ្មានប្រព័ន្ធគ្រប់គ្រងកាកសំណល់រឹង-រាវ អវត្តមានការអនុវត្ត 3Rs ខណៈនោះប្រជាពលរដ្ឋ នឹងទទួលការឈឺចាប់ពីជម្ងឺឆ្លងនៅទីណា និងកន្លែងណា ដែលមានចរិត្តគ្មានអនាម័យ ក្នុងការចោលកាកសំណល់ ការផ្គត់ផ្គង់ទឹករបស់សហគមន៍ ក៏នឹងក្លាយទៅជាទឹកបំពុល។ ការចោលកាកសំណល់ប្រកបដោយអនាម័យ គឺជាយន្តការមួយកាត់បន្ថយបានយ៉ាងច្រើន នូវការឆ្លងជម្ងឺ រាគមួល គ្រុនពោះវៀន រាគរុស។

លើសពីនេះទៀត កុមារដែលមានអាយុក្រោម ៥ឆ្នាំ ទទួលឆ្លងជម្ងឺរាគរុស ហើយនេះជាមូលហេតុ ចំបងនៃមរណៈភាពកុមារ។ ដើម្បីកាត់បន្ថយអត្រាមរណៈភាពនេះ ការអនុវត្តអនាម័យត្រូវតែធ្វើបសិដ្ឋកម្ម។

នៅប្រទេសមួយចំនួន នៅមិនទាន់ចេះទាញយកអត្ថប្រយោជន៍ ពីសំណល់រឹងរាវនៅឡើយទេ ដោយហេតុថា ពុំមាន (i) បចេ្ចកវិទ្យាទំនើប (ii) លទ្ធភាពនៃថវិកា (iii) ធនធានមនុស្ស និង (iv) ផែនការយុទ្ធសាស្រ្ត ឬប្លង់គោល សម្រាប់ការគ្រប់គ្រងការអភិវឌ្ឍន៍ទីក្រុង។

១. ជំរុញឲ្យមានសហការ និងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងវិស័យពាក់ព័ន្ធនៅទីណា និងកន្លែងណាមាន ការទទួលខុសត្រូវរួមគ្នា។
២. ជំរុញឲ្យគ្រប់ទីក្រុង និងគ្រប់ខេត្ត ក្នុងការរកកន្លែងសមរម្យមួយដើម្បីសាងសង់រោងចក្រមួយដើម្បីទាញអត្ថ ប្រយោជន៍ពីកាកសំណល់ (រឹង -រាវ)។
៣. អនុញ្ញាតឲ្យជនគ្រប់រូបគ្រប់វ័យប្រើប្រាស់បង្គន់អនាម័យសាធារណៈ និងភាពស្អាតដោយពុំគិតថ្លៃ។
៤. ត្រូវតភ្ជាប់បង្គន់អនាម័យទៅប្រព័ន្ធលូទឹកសំអុយ និងបន្តភ្ជាប់ទៅអាងប្រព្រឹត្តកម្ម។ ចំពោះទឹកសំអុយគួរត្រូវ បានធ្វើប្រព្រឹត្តកម្មឲ្យបានត្រឹមត្រូវ ដើម្បីការប្រើប្រាស់ឡើងវិញ ដើម្បីជួយរួមចំណែកដល់ការអភិរក្សទឹក និងដំណោះ ស្រាយ និងដំណោះស្រាយនៃបម្លាស់ប្តូរអាកាសធាតុ។
៥. ត្រូវទាញប្រយោជន៍ពីកាកសំណល់រឹងដើម្បីជួយរួមចំណែកកិច្ចអភិរក្សបរិស្ថានធម្មជាតិ។
៦. ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គម លទ្ធភាពអសមធម៌ ក្នុងអនាម័យ និងភាពស្អាត និងបង្គន់ អនាម័យសាធារណៈអាចត្រូវបានដោះស្រាយបានតាមរយៈគម្រោងអភិវឌ្ឍន៍ទេសចរណ៍។
៧. ត្រូវផ្សព្វផ្សាយអំពីសារៈសំខាន់នៃបង្គន់អនាម័យសាធារណៈតាមរយៈសិក្ខាសាលាអប់រំផ្សព្វផ្សាយសន្និសីទ ពិព័រណ៌ និងកម្មវិធីបណ្តុះបណ្តាលអប់រំ។
៨. ត្រូវជំរុញសហប្រតិបត្តិការជាមួយអង្គការជាតិ អន្តរជាតិ ដើម្បីអនុវត្តបង្គន់អនាម័យពិភពលោក។

ឯកឧត្តម អស់លោក លោកស្រី ខ្ញុំសូមឯកភាពជាមួយ លោក Tae-young YEOM ថាបង្គន់អនាម័យគឺជាជីវិត។ គុណភាពនៃបង្គន់អនាម័យគឺជាគុណភាពជីវិត ហើយជាការងារស្រួលដែលនរណាក៍អាចធ្វើបាន។ ដើម្បីផ្សព្វផ្សាយអប់រំបន្ថែមចលនាវប្បធម៌បង្គន់ លោកបណ្ឌិត Trevor Mulaudzi បានមានប្រសាសន៍ថា “ការធ្វើការងារនៅបង្គន់អនាម័យគឺមិនមែនជាការងារកខ្វក់ទេ។ ចូរប្រាប់ដល់ប្រជាពលរដ្ឋថាត្រូវរក្សាបង្គន់ឲ្យស្អាត ហើយត្រូវជៀសវាងដាច់ខាតមិនត្រូវឲ្យបង្គន់ធុំក្លិនទេ នៅពេលបង្គន់អនាម័យធុំក្លិន នោះគ្មាននរណាម្នាក់ចង់ប្រើប្រាស់បង្គន់អនាម័យទៀតឡើយ”៕

13269287_1029429473818531_6679513539173225193_n13307483_1029429493818529_8082995217481438048_n13327465_1029429427151869_6606419974830910065_n

មតិយោបល់