ឪឡឹកមានច្រើនប្រភេទណាស់ នៅពេលទុំខ្លះមានសាច់ពណ៌ផ្តាឈូក ខ្លះមានសាច់ពណ៌ក្រហម ហើយខ្លះទៀតមានសាច់ពណ៌លឿង។ ក្នុងឪឡឹកមួយផ្លែមានផ្ទុកជាតិទឹករហូតដល់ទៅ ៩២ភាគរយ ហើយជាតិស្ករវិញត្រឹម៦ភាគរយប៉ុណ្ណោះ ដែលធ្វើឲ្យវាមានរសជាតិមិនសូវផ្អែមពេកល្មមអាចហូបបាន។ ដើម្បីទទួលបានលទ្ធផលល្អបំផុតអ្នកមិនគួរយកផ្នែករឹងៗចេញនោះទេ ព្រោះផ្នែករឹងៗដែលនៅចន្លោះសំបកខាងក្រៅ និងសាច់ មានផ្ទុកសារធាតុរ៉ែខ្ពស់បំផុត។
លើសពីនេះ ឪឡឹក ត្រូវបានគេចាត់ទុកជាភ្នាក់ងារសម្អាតបាក់តេរីនៅក្នុងពោះវៀន ព្រមទាំងកាកសំណល់ពុលចេញពីរាងកាយផងដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍អស្ចារ្យនៃផ្លែឪឡឹកចំពោះរាងកាយៈ
១.ព្យាបាលជំងឺហឺត
សារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលលេចធ្លោជាងគេនៅក្នុងផ្លែឪឡឹក អាចជួយកាត់បន្ថយជាតិពុលដែលបង្កឲ្យរាងកាយមានបញ្ហា ព្រមទាំងព្យាបាលជំងឺហឺតផងដែរ។
២.ជួយកម្ចាត់ក្រួស
ការទទួលទានទឹកឪឡឹក ជាប្រចាំអាចជួយកម្ចាត់ដុំក្រួសក្នុងតម្រងនោម ព្រមទាំងជាភ្នាក់ងារបំបាត់ការឈឺចាប់តាមបែបធម្មជាតិផងដែរ។ លើសពីនេះ ឥទ្ធិពលរបស់ទឹកឪឡឹក អាចជួយរក្សាតម្រងនោម និងថង់ប្រមាត់ឲ្យមានសុខភាពល្អ។
៣.កាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង
ឪឡឹក មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម លីកូពីន(Lycopene) និងវីតាមីនចាំបាច់ជាច្រើន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយឱកាសកកើតនៃជំងឺគាំងបេះដូង និងដាច់សរសៃឈាមក្នុងខួរក្បាល។
៤.ពង្រឹងឆ្អឹង និងការពារជំងឺឈឺសន្លាក់
ផ្លែឪឡឹកមានផ្ទុកសារធាតុ បេតាការ៉ូទីន Beta-carotene និងវីតាមីន C ដែលអាចកាត់បន្ថយការរលាក និងជួយការពារឆ្អឹងមិនឲ្យកើតមានបញ្ហារលាកសន្លាក់ឆ្អឹង ឬរលាកសន្លាក់រ៉ាំរ៉ៃឡើយ។
៥.ប្រឆាំងនឹងការរលាក
ការសិក្សាជាច្រើនបានរកឃើញថា ឪឡឹកមានផ្ទុកសារធាតុ lycopene ច្រើនជាងផ្លែប៉េងប៉ោះរហូតដល់ទៅពីរដង។ សារធាតុនេះ គឺជាសមាសធាតុផ្សំដ៏មានឥទ្ធិពលក្នុងការបញ្ចូនសារធាតុប្រឆាំងអុកស៊ីតកម្ម ទៅទប់ទល់ជាមួយនឹងការរលាកដែលនាំឲ្យកើតជំងឺមហារីក។
៦.ព្យាបាលបញ្ហាទល់លាមក
ការទទួលទានទឹកឪឡឹកមួយកែវ មានសមត្ថភាពជួយកាត់បន្ថយបញ្ហាទល់លាមក និងលុបបំបាត់កាកសំណល់ពុលចេញពីពោះវៀនផងដែរ។
៧.ជួយឲ្យស្បែកមានសុខភាពល្អ និងកាត់បន្ថយស្នាម
ការប្រើប្រាប់ទឹកឪឡឹកមួយបន្តិចបន្តួចលាបថ្នមៗនៅលើផ្ទៃមុខ រួចទុកចោលពីរបីនាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ធ្វើបែបនេះជារៀងរាល់ពេលល្ងាច ស្បែកមុខរបស់អ្នកនឹងមានសុខភាពល្អ ហើយស្លាកស្នាមក៏រលប់បាត់បន្តិចម្តងៗដែរ៕
ប្រភពៈ myfitmagazine
មតិយោបល់