ព័ត៌មានសេដ្ឋកិច្ច

សម្តេចតេជោ ស្នើជប៉ុន បង្កើតរោងចក្រកែច្នៃសំរាម នៅទីក្រុងភ្នំពេញ

ក្រោយដំណើរទស្សនកិច្ចនៅរោងចក្រកែច្នៃសំរាម SHIN KOTO INCINERATION PLANT សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យភាគីជប៉ុន ជួយបង្កើតរោងចក្រកែច្នៃសំរាម នៅទីក្រុងភ្នំពេញ។

សម្តេចតេជោ បានស្នើឲ្យជប៉ុនសិក្សាជាមួយអ្នកជំនាញកម្ពុជាអំពី ការកែច្នៃសំរាមនៅទីក្រុងភ្នំពេញ ដែលជាបញ្ហាចម្បងធំទី ២ បន្ទាប់ពីបញ្ហាចរាចរណ៍។

យ៉ាងណាមិញ អគារកែច្នៃសំរាមនៅប្រទេសជប៉ុន មានកម្ពស់ ៦ជាន់ បំពាក់ដោយម៉ាស៊ីនកម្ទេចសំរាម ហើយបែងចែកទៅតាមប្រភេទសំរាមនីមួយៗ ដែលផលិតចេញជាវត្ថុសម្រាប់ប្រើប្រាស់បានឡើងវិញ។

កាកសំណល់មួយចំនួន គឺយកទៅធ្វើជា ជ័រ និងបំលែងទៅជា ថាមពលអគ្គិសនី ហើយកម្ពុជា ត្រូវការរោងចក្របែបនេះ ដើម្បីកែច្នៃសំរាម ដែលគរនៅជាយក្រុងសព្វថ្ងៃ។

គួររម្លឹកដែរថា ក្រុមហ៊ុន ស៊ីអេច គឹមហ៊ាងអភិវឌ្ឍន៍ (ខេមបូឌា) ក៏ធ្លាប់បានស្នើសុំវិនិយោគលើ គម្រោងវិនិយោគសាងសង់រោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី នៅរាជធានីភ្នំពេញ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រ រដ្ឋបាលរាជធានីភ្នំពេញ។

បច្ចុប្បន្ន នៅរាជធានីភ្នំពេញ មានសំរាមប្រមាណជិត ២ពាន់តោន ក្នុង១ថ្ងៃ ដែលត្រូវបានប្រមូលទៅចាក់ទុក នៅតាមទីលានចាក់សំរាមផ្សេងៗ។

សាលារាជធានីភ្នំពេញ បាននិងកំពុងរកវិធីសាស្រ្ត ក្នុងការគ្រប់គ្រង ប្រមូល និងរកដៃគូសហការក្នុងការកែច្នៃសំរាម ដើម្បីកាត់បន្ថយបរិមាណសំរាមដែលកើនឡើងដូចសព្វថ្ងៃ និងធ្វើឲ្យបរិស្ថានក្នុងទីក្រុង មានសោភ័ណភាពល្អប្រសើរ៕

មតិយោបល់