ព័ត៌មានសុខភាព

៥ចំណុចបញ្ជាក់ថា អ្នកកំពុងតែខ្សោយប្រព័ន្ធភាពស៊ាំ

ប្រព័ន្ធភាពស៊ាំ គឺជាភ្នាក់ងារការពាររាងកាយមិនឲ្យមានផលប៉ះពាល់អវិជ្ជមានពីពពួកបាក់តេរី ភាពកខ្វក់ វីរុស ផ្សិត និងប៉ារ៉ាស៊ីតផ្សេងៗ ដែលយើងរស់នៅជាមួយរាល់ថ្ងៃឡើយ។ តែប្រសិនបើ ប្រព័ន្ធភាពស៊ាំ មានបញ្ហាចុះខ្សោយ សុខភាពរបស់អ្នកច្បាស់ជាមានបញ្ហាជាពុំខាន។

បើយោងតាមលោកវេជ្ជបណ្ឌិត Pradip Shah ជាអ្នកជំនាញនៅមន្ទីរពេទ្យ Fortis Hospital ប្រទេសឥណ្ឌា បានមានប្រសាសន៍ថា អ្នកត្រូវដោះស្រាយបញ្ហាខ្សោយប្រព័ន្ធភាពស៊ាំជាបន្ទាន់ នៅពេលដែលឃើញរាងកាយបង្ហាញរោគសញ្ញាមួយចំនួនដូចខាងក្រោមៈ

ឧស្សាហ៍កើតជំងឺគ្រុនផ្តាសាយ
ប្រសិនបើអ្នកឧស្សាហ៍កើតជំងឺគ្រុនផ្តាសាយ ក្អក ឈឺបំពងក ជាញឹកញាប់ នោះជាសញ្ញាដាស់តឿនថា ប្រព័ន្ធភាពស៊ាំរបស់អ្នកកំពុងតែអស្ថិរភាព។ ដូច្នេះ អ្នកគួរតែព្យាយាមទទួលទានបន្លែផ្លែឈើដែលសម្បូរសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ រួមទាំងកាត់បន្ថយការទទួលទានជាតិខ្លញ់ផងដែរ។

របួសមិនងាយជា
ប្រសិនបើរបួសនៅលើស្បែករបស់អ្នកមិនងាយជាសះស្បើយ អាចបញ្ជាក់យ៉ាងច្បាស់ពីប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយរបស់អ្នកមានភាពទន់ខ្សោយ។

ខ្សោយភ្នែក
អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន Institute for Health Research ចក្រភពអង់គ្លេស មានប្រសាសន៍ថា នៅពេលដែលប្រព័ន្ធភាពស៊ាំចុះខ្សោយ ភ្នែកនឹងចាប់ផ្តើមមើលលែងសូវច្បាស់ ហើយបញ្ហានេះកំពុងតែកើនឡើងចំពោះមនុស្សវ័យក្មេងក្នុងពេលបច្ចុប្បន្ននេះ។

មានបញ្ហារមាស់ញឹកញាប់
វេជ្ជបណ្ឌិតជាច្រើនមានប្រសាសន៍ថា ប្រសិនបើប្រព័ន្ធភាពស៊ាំគ្មានសមត្ថភាពការពាររាងកាយគ្រប់គ្រាន់ទេ ពពួកបាក់តេរី និងមេរោគផ្សិត ច្បាស់ជាវាយប្រហារនៅលើស្បែក ដែលបង្កឲ្យមានបញ្ហារមាស់កើតមានឡើង។ មិនតែប៉ុណ្ណោះ ស្បែកដែលងាយនឹងប្រែប្រួលទៅតាមអាកាសធាតុ ក៏បណ្តោលមកពីប្រព័ន្ធភាពស៊ាំចុះខ្សោយដែរ។

មានបញ្ហារំលាយអាហារ
ប្រសិនបើប្រព័ន្ធភាពស៊ាំដំណើរការមិនបានត្រឹមត្រូវ អ្នកនឹងជួបបញ្ហារាគ ហើយកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺជាតិពុលផ្ទុកនៅក្នុងក្រពះពោះវៀនកាន់តែច្រើនឡើង ព្រោះរាងកាយមិនអាចសម្លាប់ប៉ារ៉ាស៊ីតបាន៕

ប្រភពៈ soha

មតិយោបល់