ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីរិតបន្តឹងច្បាប់ចរាចរណ៍ ក៏ដូចជាទប់ស្កាត់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើងក្នុងមូលដ្ឋាន ហើយក៏ធ្វើការឃាត់ខ្លួនមនុស្ស៣នាក់ និងដកហូតម្សៅក្រាមថ្លាសចំនួន៦កញ្ចប់ថង់តូចជាប់ខ្លួនផងដែរ។
ប្រតិបត្តិការនេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ នៅផ្លូវ១៩៨៦ មុខផ្សារទំនើបSUPER stor ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបាននិយាយថាជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួននោះ ទី១ឈ្មោះ ហាន យិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី២ឈ្មោះ ថុល ចាន់ធឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ជាអ្នកមាន (ថ្នាំ៤កញ្ចប់ថង់តូច)។ ទី៣ឈ្មោះ គឹម ចំរើន អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានថ្នាំ២កញ្ចប់តូច)។
ប្រភពដដែលពីសមត្ថកិច្ចបានប្រាប់ថា មុនឃាត់ខ្លួនយុវជនទាំង៣នាក់ខាងលើខណៈកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខដាក់គោលដៅពិនិត្យអាវុធជាតិផ្ទុះនៅចំណុចខាងលើស្រាប់តែឃើញយុវជនទាំងបីនាក់ជិះម៉ូតូចំនួន២គ្រឿងម៉ាកគ្រឺសអង្គរពណ៌ខៀវ១គ្រឿង និងម៉ាកហ៊្សូម័រ១គ្រឿង ឆ្លងកាត់គោលដៅត្រួតពិនិត្យ ពេលដែលឃើញកម្លាំងសមត្ថកិច្ចយើង ជនសង្ស័យទាំង៣នាក់មានការភិតភ័យ សមត្ថកិច្ចក៏ឃាត់ឲ្យឈប់ធ្វើការឆែកឆេរ ឃើញមានលាក់ទុកថ្នាំញៀនជាប់ខ្លួន ពេលនោះសមត្ថកិច្ចក៏ឃាត់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានប្រាប់ថា ថ្នាំញៀនខាងលើនេះពិតជារបស់ពួកខ្លួនមែន ដោយទិញមកពីម្តុំរោងចក្រឆ្នាំងក្នុងខណ្ឌទួលគោក គោលបំណងយកមកប្រើប្រាស់ប៉ុណ្ណោះ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំបញ្ជូនទៅតុលាការពេលក្រោយ៕
មតិយោបល់