ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ប្រកាសត្រៀមរួចជាស្រេច ដើម្បីវាយប្រហារមីស៊ីល ទៅកាន់ទីតាំងយោធាអាមេរិក

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បាននិយាយថា ត្រៀមខ្លួនរួចជាស្រេច ដើម្បីបាញ់កាំជ្រួចមីស៊ីលចំនួនបួនគ្រាប់ ទៅជិតកន្លែងដំឡើងយោធា ដែលជាយុទ្ធសាស្រ្តរបស់អាមេរិក នៅកោះហ្គាម នាពាក់កណ្ដាលខែសីហាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េ បាននិយាយថា គ្រាប់រ៉ុកកែតរយៈចម្ងាយមធ្យម Hwasong-12 នឹងត្រូវបាញ់ឆ្លងកាត់ប្រទេសជប៉ុន ហើយធ្លាក់ចូលក្នុងសមុទ្រចម្ងាយប្រហែល ៣០ គីឡូម៉ែត្រ ពីកោះហ្គាម ប្រសិនបើផែនការនេះ ត្រូវបានអនុម័តដោយលោក គីម ជុងអ៊ុន។

សូមជំរាបថា ការប្រកាសយ៉ាងដូច្នេះរបស់កូរ៉េខាងជើង បានធ្វើទ្បើងបន្ទាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា «រាល់ការប៉ុនប៉ុងគំរាមគំហែងរបស់ក្រុងព្យុងយ៉ាង នឹងត្រូវប្រឈមវិធានការក្ដៅៗរបស់អាមេរិក» ។

ក្នុងនោះរដ្ឋាភិបាលអាមេរិក បានប្រាប់ដល់កូរ៉េខាងជើងថា «សកម្មភាពក្រុងព្យុងយ៉ាង នៅពេលនេះ អាចនាំទៅដល់ការបំផ្លិចបំផ្លាញប្រជាជន និងការបញ្ចប់របបរបស់ខ្លួនហើយ»។

ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis បាននិយាយថា កូរ៉េខាងជើង កំពុងតាំងខ្លួនជាគូប្រជែងយ៉ាងខ្លាំង នៅក្នុងសង្គ្រាមប្រឆាំងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

គួរបញ្ជាក់ដែរថា Hwasong ជាមីស៊ីលរយៈចម្ងាយមធ្យម និងឆ្ងាយ ដែលផលិតនៅប្រទេសកូរ៉េខាងជើង អាចហោះហើរបានចម្ងាយ ៣.៣៥៦,៧ គីឡូម៉ែត្រ ក្នុងរយៈពេល ១.០៦៥ វិនាទី ហើយអាចជ្រមុចចូលក្នុងទឹកបានចម្ងាយពី ៣០ ទៅ ៤០ គីឡូម៉ែត្រទៅជិតកោះហ្គាម៕

មតិយោបល់