ក្រុមហ៊ុន Facebook នៅថ្ងៃពុធមិ្សលមិញ បានបើកទំព័រសករាជធំបំផុតមួយទៀតរបស់ខ្លួន ដោយបានចាប់ផ្តើមពង្រីកចូលខ្លួនទៅក្នុងទីផ្សារទូរទស្សន៍អនឡាញ ប្រណាំងប្រជែងជាមួយក្រុមហ៊ុនផ្សេងៗដូចជា Netflix និង YouTube តាមរយៈការបង្កើនការផ្តល់មាតិកាវីដេអូដ៏សម្បូរបែប ចាប់តាំងកម្មវិធីកីឡា នាទីកុមារ រហូតដល់កម្មវិធីគ្រួសារ។
សេវាកម្មទូរទស្សន៍អនឡាញថ្មីនេះ ត្រូវបានដាក់ឈ្មោះថា Watch ហើយវានឹងបើកឱ្យប្រើសម្រាប់ក្រុមគោលដៅមួយចំនួននៅសហរដ្ឋអាមេរិក តាមកម្មវិធី Facebook លើទូរសព្ទដៃ គេហទំព័រ និងទូរទស្សន៍ផ្សេងៗ។ នេះបើតាមការលើកឡើងរបស់ក្រុមហ៊ុន។
ក្រុមហ៊ុនបណ្តាញសង្គមមហាយក្សមួយនេះ បានបន្ថែមប៊ូតុងវីដេអូមួយកាលពីឆ្នាំមុន ហើយខ្លួនបានដាក់ចេញនូវតម្រុយជាច្រើនថា ខ្លួនចង់ក្លាយជាប្រភពនៃវីដេអូដើម និងវីដេអូដែលត្រូវបានផលិតឡើងប្រកបដោយគុណភាព ជាជាងគ្រាន់តែជាការថតបង្ហោះដោយអ្នកប្រើប្រាស់ទូទៅ។
នៅក្នុងខែឧសភា សារព័ត៌មាន Reuters បានរាយការណ៍ថា Facebook បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលជាអ្នកបង្កើតកម្មវិធីកម្សាន្ត និងព័ត៌មានផ្តោតលើក្រុមយុវវ័យឈ្មោះ Vox Media, BuzzFeed, ATTN, Group Nine Media រួមនិងក្រុមហ៊ុនផលិតកម្មវិធីទូរទស្សន៍មួយចំនួនផ្សេងទៀត។
នាយកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន Facebook គឺលោក Daniel Danker បាននិយាយនៅក្នុងសេចក្តីថ្លែងការមួយនៅថ្ងៃពុធថា៖ «យើងបានសិក្សាឃើញថា មនុស្សចូលចិត្តទស្សនាវីដេអូដែលគួរឱ្យចាប់អារម្មណ៍ និងសប្បាយៗនៅលើផ្ទាំង News Feed នៃទំព័រ Facebook របស់ពួកគេ ប៉ុន្តែ ពួកគេក៏ចង់បានកន្លែងដាច់ដោយឡែកមួយសម្រាប់ទស្សនាវីដេអូទាំងនោះផងដែរ»៕
Facebook គ្រោងបង្កើតកម្មវិធី TV ដើម្បីទាញការផ្សាយពាណិជ្ជកម្មឱ្យបានដូចទូរទស្សន៍ធម្មតា
ប្រភពព័ត៌មានៈ fortune
មតិយោបល់