ព័ត៌មានសុខភាព

រោគសញ្ញានៃជំងឺមហារីករន្ធគូថ ដែលយើងគួរដឹងគ្រប់គ្នា!

ជារៀងរាល់ឆ្នាំ នៅប្រទេសចក្រភពអង់គ្លេស មានមនុស្សជាង ១០០០នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញជំងឺមហារីករន្ធគូថ ដែលអាចឈានទៅរកការស្លាប់។

បើយោងតាមក្រុមអ្នកស្រាវជ្រាវជំងឺមហារីកនៅ ចក្រភពអង់គ្លេស បានបង្ហាញថា ជំងឺមហារីករន្ធគូថ ភាគច្រើនកើតមានចំពោះមនុស្សស្រីច្រើនជាងបុរស ហើយមានអត្រាកើនឡើងរហូតដល់ទៅ ១៣០ភាគរយ ចាប់តាំងពីឆ្នាំ ១៩៧០មក។ ជំងឺនេះកម្រនឹងបង្ហាញរោគសញ្ញាណាស់ ដែលបណ្តោលឲ្យអត្រាមរណភាព ចំពោះអ្នកជំងឺមានការកើនឡើងកាន់តែខ្ពស់។

មូលហេតុចម្បងដែលបណ្តោលឲ្យកើតមានជំងឺមហារីករន្ធគូថ គឺវីរុស HPV ហើយវីរុសនេះក៏អាចបណ្តោលឲ្យកើតជំងឺមហារីកមាត់ស្បូន មហារីកទ្វារមាស មហារីកស្បូន មហារីកក្រពេញអូវែ មហារីកលិង្គ និងមហារីកបំពង់កផងដែរ។ វីរុស នេះអាចឆ្លងតាមរយៈស្បែក ឬតាមការរួមភេទតាមទ្វារមាស រន្ធគូថ ឬមាត់មនុស្សដែលមានផ្ទុកវីរុស។

ខាងក្រោមនេះ គឺជារោគសញ្ញានៃជំងឺមហារីករន្ធគូថ ដែលយើងគួរតែដឹងគ្រប់គ្នា៖

ឈាមហូរតាមលាមក
រោគសញ្ញាទូទៅបំផុតនៃជំងឺមហារីករន្ធគូថ គឺមានការហូរឈាមតាមលាមក ហើយករណីនេះកើតមានប្រហែលជា៥០ភាគរយនៃអ្នកជំងឺទាំងអស់។

ដុះដុំសាច់តូចៗ
ប្រសិនបើអ្នកយកដៃស្ទាបស្រាប់តែប៉ះដុំសាច់តូចៗ ដុះនៅជុំវិញរន្ធគូថ នោះបង្ហាញថា អ្នកកំពុងតែកើតមានជំងឺមហារីក។ ប៉ុន្តែករណីនេះ ក៏អាចច្រឡំជាមួយនឹងជំងឺឬសដូងបាតផងដែរ។

ឬសដូងបាត
ការកើនឡើងនៃទំហំ ឬសដូងបាត ក៏អាចជារោគសញ្ញាព្រមាននៃជំងឺមហារីករន្ធគូថផងដែរ។

ឈឺចាប់ជុំវិញរន្ធគូថ
ប្រហែលជា៣០ភាគរយ នៃករណីជំងឺមហារីករន្ធគូថ ត្រូវបានបង្ហាញរោគសញ្ញាតាមរយៈការឈឺចាប់រន្ធគូថ។ ហេតុនេះ អ្នកគួរតែស្វែងរកការព្យាបាល ប្រសិនបើអ្នកមានរោគសញ្ញាដូចជា ហើមក្រហម ឬឈឺចាប់នៅជុំវិញរន្ធគូថ៕

ប្រភពៈ soha

មតិយោបល់