កាលពីព្រឹកមិញនេះ ហាងកាហ្វេយីហោខ្មែរ Fox Coffee បានបើកសម្ពោធសាខាទី ២ របស់ខ្លួន ដែលចំណាយដើមទុនជាង ៣០ម៉ឺនដុល្លារអាមេរិក បោះទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ 6A សង្កាត់ជ្រោយចង្វារ។
លោកស្រី ប៊ុន ណាវី អគ្គនាយកនៃហាងកាហ្វេ Fox Coffee បានឲ្យដឹងថា ការបើកសាខាថ្មីនេះ គឺដោយសារការមើលឃើញពីសក្តានុពលនៃតំបន់ជាយក្រុង ដែលកំពុងមានសន្ទុះយ៉ាងខ្លាំងក្លា ជាពិសេសជីវភាពប្រជាជន កាន់តែប្រសើរឡើង។
ម៉្យាងវិញទៀត ការបើកហាងសាខានៅកណ្តាលទីក្រុង អាចមានលក្ខណៈប្រកួតប្រជែងខ្ពស់ តែការងាកមករកទីតាំងតាមតំបន់ជាយក្រុង អាចមានឱកាសច្រើន និងមុនគេ ក្នុងការចាប់យកចំណែកទីផ្សារនៅក្នុងតំបន់នេះ។
ជាចុងក្រោយ លោកស្រីសង្ឃឹមថា Fox Coffee អាចចាប់យកអតិថិជនបានច្រើន ដោយសារការបង្កើតឲ្យមានបរិយាកាសថ្មីនៃការជួបជុំ ជាកន្លែងសម្រាប់ការណាត់ជួបពិភាក្សាការងារ និងដោយសារការផ្លាស់ប្តូរឥរិយាបថ ឬទម្លាប់នៃការពិសារកាហ្វេរបស់ប្រជាជនកម្ពុជាផ្ទាល់តែម្តង។
គួរជម្រាបផងដែរថា Fox Coffee សាខាជ្រោយចង្វារ ជាសាខាទី ២ នៅរាជធានីភ្នំពេញ ហើយនាពេលឆាប់ៗខាងមុខនេះ ហាងកាហ្វេ Fox Coffee នឹងបន្ថែមសាខាជាបន្តបន្ទាប់ទៅកាន់ ខេត្តដែលមានសក្តានុពល ដូចជា ខេត្តព្រះសីហនុ និងខេត្តសៀមរាបជាដើម៕
មតិយោបល់