ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនឹងម៉ូតូ បណ្តាលឲ្យមនុស្ស៤នាក់រងរបួសស្រាលធ្ងន់!

ប៉ៃលិនៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូ បណ្តាលឲ្យមនុស្ស៤នាក់ រងរបួស ក្នុងនោះផងដែរ ក៏មានអ្នករបួសស្រាល៣នាក់ និងរបួសធ្ងន់១នាក់ទៀត ចំណែកឯម៉ូតូត្រូវខូចខាត២គ្រឿង។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៦និង៥៨នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបរយាន្ដបង្កឈ្មោះ ជុន ផន ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បើកបរម៉ូតូម៉ាកHONDA Wave ពណ៌ខៀវលាយទឹកប្រាក់ គ្មានស្លាកលេខ រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ គឹម អី ភេទស្រី អាយុ៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ រងរបួសស្រាលល។ ចំណែកឯម៉ូតូម្ខាងទៀតម៉ាកHONDA Dream គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ សៀង ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសស្រាល និង អ្នករួមដំណើរម្នាក់ទៀតឈ្មោះ អ៊ូច យ៉ុង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្រែកណ្តាល ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ របួសស្រាល។

មូលហេតុបណ្តាលមកពីការបើកបរមិនគោរពច្បាប់ចរាចរណ៍៕

មតិយោបល់