គ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់ ត្រូវដាក់ខលធូន «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ» ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ចៀសវាងមានការភ័ន្តច្រឡំតទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ វិទ្យុ ទូរទស្សន៍ កាសែត និងសារព័ត៌មានអនឡាញទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយពីបញ្ហានេះ រួមទាំងក្រុមហ៊ុនទូរស័ព្ទទាំងអស់ ត្រូវរៀបចំខលធូន និង សារ ទៅកាន់អតិថិជនទៀតផង។
សម្តេចបន្តទៀតថា គ្រប់ប្រព័ន្ធទូរស័ព្ទ ត្រូវធ្វើយ៉ាងណា ឲ្យអ្នកខលចេញទៅ និងអ្នកទទួលបានលឺពី ការផ្សព្វផ្សាយនេះដូចគ្នា។
ទាក់ទងនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ក៏ត្រូវប្តូររូបសញ្ញា ប្រាក់រៀល ចេញ ដើម្បីចៀសវាងការច្រឡំជាមួយ ធនាគារជាតិនៃកម្ពុជា និងជាធនាគាររបស់រដ្ឋ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីរួចរាល់ហើយ ចេញសេចក្តីប្រកាសព័ត៌មាន និងបញ្ជាក់យ៉ាងច្បាស់ថា ជាធនាគារឯកជនសុទ្ធសាធ មិនមែនជារបស់រដ្ឋាភិបាលនោះទេ។
ដោយសារមានប្រជាពលរដ្ឋមួយចំនួន ជាពិសេសនៅតំបន់ជនបទ មានការយល់ច្រឡំថា ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ និងប្រតិបត្តិករឥណទានជនបទ ជាគ្រឹះស្ថានរបស់រដ្ឋ ទើបរដ្ឋាភិបាលចង់បញ្ជាក់ឲ្យច្បាស់ថា គ្រឹះស្ថានទាំងនោះ គឺជាក្រុមហ៊ុនឯកជន ស្វែងរកប្រាក់ចំណេញ៕
មតិយោបល់