ព័ត៌មានសេដ្ឋកិច្ច

គម្រោងស្តារស្ពានជ្រោយចង្វារចំណាយ ៣៣លានដុល្លារ បើកការដ្ឋានថ្ងៃ ១៥ កញ្ញា

ស្ពានជ្រោយចង្វារចាស់ គ្រោងនឹងចំណាយប្រមាណ ៣៣លានដុល្លារអាមេរិក និងបិទចរាចរណ៍ ២ឆ្នាំដើម្បីចាប់ផ្តើមជួសជុលឡើងវិញ ដោយបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី ១៥ ខែកញ្ញា ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ សាធារណការ រាជធានីភ្នំពេញ ចេញផ្សាយនៅព្រឹកនេះ។

លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ បានជួបប្រជុំជាមួយ អង្គការ JICA លើគម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញ ជាច្រើនចំណុច ដែលក្នុងនោះ គម្រោងស្តារស្ពានជ្រោយចង្វារ នឹងចាប់ផ្តើមនៅពាក់កណ្តាលខែក្រោយនេះ។

កាលពីពេលថ្មីៗនេះ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងស្តារស្ពានជ្រោយចង្វារឡើងវិញ ជាមួយក្រុមហ៊ុនសាជីវកម្ម អូបាយ៉ាស៊ិជប៉ុន។

យ៉ាងណាមិញ ចំពោះការបិទចរាចរណ៍ស្ពានចាស់ គឺត្រូវរៀបចំចរាចរណ៍នៅលើស្ពានជ្រោយចង្វារថ្មី ឲ្យប្រជាពលរដ្ឋអាចឆ្លងកាត់ទៅមកបាន ដែលទាមទារពេលវេលាសមរម្យមួយ មុននឹងអាចចាប់ផ្តើមបាន។

នៅពេលគម្រោងជួសជុលស្ពានជ្រោយចង្វារចាស់ ចាប់ផ្តើម នឹងចំណាយពេលប្រមាណ ២២ខែ ក្រសួងនឹងដាក់សាឡាង ២ ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ងាយស្រួលប្រជាពលរដ្ឋឆ្លងទៅឆ្លងមក។

បច្ចុប្បន្ន ស្ពានជ្រោយចង្វារចាស់ មានសភាពចាស់ទ្រុឌទ្រោម ដែលទទួលរងនូវការខូចខាត ទាមទារឲ្យមានការជួសជុលឡើងវិញ​ ដោយតម្រូវឲ្យបិទចរាចរណ៍ឆ្លងកាត់ទាំងស្រុង ដើម្បីបង្កភាពងាយស្រួលដល់ការអនុវត្តគម្រោងជួសជុល។

គួរបញ្ជាក់ថា ស្ពានជ្រោយចង្វារចាស់ មានប្រវែង ៧០៩ម៉ែត្រ មានសភាពចាស់ទ្រុឌទ្រោម ដែលទាមទារឲ្យមានការជួសជុលឡើងវិញ តែដោយសារបញ្ហាកកស្ទះចរាចរណ៍ ទើបពន្យារពេលជួសជុលមកទល់ពេលនេះ៕

ស្ពានជ្រោយចង្វារថ្មី ធ្វើអំពីដែកបេឡេ នឹងតភ្ជាប់ផ្លូវជាតិលេខ ៥ ទៅផ្លូវជាតិលេខ ៦អា

មតិយោបល់