ព័ត៌មានសេដ្ឋកិច្ច

មុនចូលឆ្នាំខ្មែរ២០១៨ ជប៉ុន ផ្តល់ជំនួយជាង ៩០លានដុល្លារដល់ កម្ពុជា

កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស និង លោក Taro Kono ស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន មកកាន់រាជរដ្ឋាភិបាលកម្ពុជា លើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សាស្ដីពី ការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន មកកាន់រាជរដ្ឋាភិបាលកម្ពុជា ដូចខាងក្រោម៖

១- ហិរញ្ញប្បទានឥតសំណងជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន ឬជាង ៤.៦លានដុល្លារ សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា

២- ឥណទានសម្បទានជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៩២១៦ លានយ៉េន ឬជាង ៨៦លានដុល្លារ សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅរាជធានីភ្នំពេញ ជំហានទី២។

លោក Taro Kono រដ្ឋមន្ត្រីការបរទេសជប៉ុន នៅវិមានសន្តិភាព បានគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលស្វាគមន៍ លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ។

លោកបានជំរាបជូនសម្តេចតេជោថាគោលបំណងរបស់ជប៉ុនគឺ ធ្វើយ៉ាងណាជួយមកដល់កម្ពុជាអោយក្លាយទៅជា ប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ ២០៣០ ក្នុងន័យនេះលោកថា ជប៉ុន បានមានចំណាប់អារម្មណ៍ជួយដល់ប្រទេសកម្ពុជាលើវិស័យមួយចំនួនដូចជា ឡូជីស្ទីក ដោយមានការគ្រប់គ្រងកំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍធនធានមនុស្ស។

លើសពីនេះទៅទៀតជប៉ុន នឹងជួយកម្ពុជាលើបណ្តាញផ្គត់ផ្គង់អគ្គិសនីក្នុងទីក្រុងភ្នំពេញ ក៏ដូចជាកិច្ចការពារសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

លោកបានបន្តថាជប៉ុន នឹងរៀបចំកិច្ចប្រជុំកំពូលមួយគឺ ជប៉ុន-មេគង្គ នៅពេលខាងមុខ ហើយលោកក៏បានគោរពអញ្ជើញសម្តេចតេជោចូលរួមក្នុងក្នុងកិច្ចប្រជុំកំពូលនោះផងដែរ ដែលផ្តោតទៅលើកិច្ចសហប្រតិបត្តិការសំរាប់ថ្ងៃអនាគត ជាពិសសេសលើការតភ្ជាប់ (connectivity) ដែលជាអាទិភាពមួយ រួមទាំងវិស័យសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សជាដើម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលកន្លងមកជួយដល់កម្ពុជាទាំងវិស័យហរដ្ឋរចនាសម្ព័ន្ធ កំពង់ផែ ទឹកស្អាត ការពារទឹកជំនន់និងសង្រ្គោះបន្ទាន់ ហើយ សម្តេចតេជោ ក៏បានមានប្រសាសន៍ផងដែរថាកន្លងមកកាលពីឆ្នាំ២០១៣ កម្ពុជា និងជប៉ុនបានលើកទំនាក់ទំនងអោយទៅជាទំនាក់ទំនងដៃគូរជាយុទ្ធសាស្ត្រហើយ ក្នុងនោះអ្វីដែលយើងអាចធ្វើបានថែមទៀតនោះគឺជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ដែលទាំងអស់នេះជាសក្តានុពល និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីផងដែរ៕

មតិយោបល់