ព័ត៌មានសេដ្ឋកិច្ច

ត្រឹម ៩ខែ ៨ម៉ឺនសហគ្រាស ចុះបញ្ជីពាណិជ្ជកម្ម នៅវៀតណាម

សហគ្រាសប្រមាណជា ៨ម៉ឺន២ពាន់ស្ថាប័ន បានចុះបញ្ជីពាណិជ្ជកម្ម នៅប្រទេសវៀតណាម ក្នុងរយ:ពេល ៩ខែ ឆ្នាំ ២០១៦នេះ ដែលកើនឡើងប្រមាណ ១៩ភាគរយបើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មាន Xinhua។

សហគ្រាសទាំងអស់នោះ បានចុះបញ្ជីដើមទុនប្រមាណ ២៨.២១ពាន់លានដុល្លារអាមេរិក កើនឡើង ៤៩.៥ភាគរយបើធៀបនឹងឆ្នាំមុន បើគិតជាមធ្យម សហគ្រាសមួយបោះទុនប្រមាណជា ៣សែន៤ម៉ឺនដុល្លារអាមេរិក។

សហគ្រាសទាំងនោះបង្កើតការងារជិត ១លានការងារ ហើយវិនិយោគក្នុងវិស័យអចលនទ្រព្យ សុខមាលភាព សកម្មភាពសង្គម អប់រំ ប្រឹក្សា ផ្សព្វផ្សាយ នឹងឯកទេសផ្សេងៗទៀត។ វិស័យដែលប្រើប្រាស់កម្លាំងពលកម្មច្រើនជាងគេ គឺ ផ្នែកឧស្សាហកម្ម លក់ដុំ លក់រាយ ជួសជុលគ្រឿងយន្ត សំណង់ និងដឹកជញ្ជូន។

យ៉ាងណាមិញ ក្នុងរយ:ពេល ៩ខែនេះ ក៏មានក្រុមហ៊ុនប្រមាណ ៨ពាន់ក្រុមហ៊ុន ប្រកាសក្ស័យធន និង ១ម៉ឺន៦ពាន់ក្រុមហ៊ុន ផ្អាកដំណើរការ។

ប្រទេសវៀតណាម ក៏បានដាក់មហិច្ឆតាចង់ក្លាយជាប្រទេសនាំចេញធំជាងគេក្នុងពិភពលោក ដោយបង្កើនចំនួនសហគ្រាសឲ្យបាន ៥សែនសហគ្រាស ត្រឹមឆ្នាំ ២០២០ នេះបើយោងតាមការលើកឡើងរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc កាលពីខែកក្កដាកន្លងទៅនេះ។

គួរជម្រាបផងដែរថា មកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនវៀតណាមដែលមកវិនិយោគនៅកម្ពុជា មានរហូតដល់ ១៨២គម្រោង ក្នុងទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការលើកឡើងរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា៕

1325-brief-vietnam-exports-jpg__0x500_q95_autocrop_crop-smart_subsampling-2_upscale

មតិយោបល់