ព័ត៌មានសេដ្ឋកិច្ច

Unilever នឹងប្រឆាំងផលិតផលខុសច្បាប់ មានតម្លៃទាបជាងក្រុមហ៊ុន ដល់ទៅ ២០ភាគរយ

លោក ដូយ កុនចា នាយកក្រុមហ៊ុន Unilever Cambodia បានជួបជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹង ផលិតផលកន្លែងបន្លំម៉ាក និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា នៅក្នុងប្រទេសកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងពាណិជ្ជកម្ម។

ក្រុមហ៊ុន Unilever Cambodia គ្រោងនឹងនាំយកផលិតផលថ្មីៗទៀតចូលមកកាន់ ទីផ្សារកម្ពុជា ប៉ុន្តែកំពុងប្រឈមជាមួយផលិតផលនាំចូលដោយខុសច្បាប់ ដែលកំពុងលក់ក្នុងតម្លៃទាបជាងក្រុមហ៊ុនរហូតដល់ទៅ ២០ភាគរយ នឹងប៉ះពាល់សុខភាពអ្នកប្រើប្រាស់ថែមទៀត។

ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍ដល់ អគ្គនាយកដ្ឋានកាំកុងត្រូល ធ្វើការពិនិត្យករណីផលិតផលយូនីលីវើ ក្លែងក្លាយនៅលើទីផ្សារ និងស្នើខាងក្រុមហ៊ុន ជួយសហការផ្តល់ព័ត៌មានជូនភ្នាក់ងារកាំកុងត្រូល។

លើសពីនេះ លោក ប៉ាន សូរស័ក្តិ ក៏បានសំណូមពរដល់ក្រុមហ៊ុន ពិចារណាប្រើប្រាស់ខេមរភាសាលើ ផលិតផលទាំងអស់ ដើម្បីឲ្យមានភាពខុសគ្នាជាមួយផលិតផលនាំចូលខុសច្បាប់ ផ្តល់ភាពងាយស្រួលជូនអតិថិជន​ និងភ្នាក់ងារកាំកុងត្រូល ក្នុងការចាត់វិធានការនានា។

គួរជម្រាបដែរថា ក្រុមហ៊ុន Unilever Cambodia ធ្វើប្រតិបត្តិការនៅកម្ពុជា ជាង ២១ឆ្នាំមកហើយ ខណៈបច្ចុប្បន្នមានបុគ្គលិកជាង ២០០០នាក់៕

មតិយោបល់