មន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ តម្លៃជាង ១.៥សែនដុល្លារ ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ កាលពីម្សិលមិញនេះ នៅក្រសួងពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា រថយន្តមន្ទីរពិសោធន៍ម៉ូដែល FORD ឆ្នាំ ២០១៦ មានតម្លៃជាង ១.៥សែនដុល្លារអាមេរិក គឺជារថយន្តទី ២ បន្ទាប់ពី រថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល តម្លៃជាង ១សែនដុល្លារអាមេរិក ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ ជាផ្លូវការ នៅចុងឆ្នាំ ២០១៦។
រថយន្តថ្មីនេះ នឹងជួយពង្រឹងប្រសិទ្ធភាពការងាររបស់មន្រ្តីកាំកុងត្រូល ក្នុងការចុះត្រួតពិនិត្យប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ ឬដេប៉ូចែកចាយ នៅក្នុងរាជធានីភ្នំពេញ និងតំបន់ឆ្ងាយៗទូទាំងប្រទេស។
មន្ទីរពិសោធន៍ចល័តថ្មីនេះ បំពាក់ទៅដោយឧបករណ៍ទំនើប ដែលអាចវិភាគរកនូវ ប៉ារ៉ាម៉ែត្រនៃ ផលិតផលទំនិញជា ប្រេងឥន្ធនៈទាំងផ្នែកគុណភាព និងបរិមាណ។
គួរបញ្ជាក់ថា ក្រោយដាក់ឲ្យដំណើរការមន្ទីរពិសោធន៍ចល័តនេះ មន្រ្តីនៃអគ្គនាយកដ្ឋានកាំកុងត្រូល នឹងចុះត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈគ្រប់ប្រភេទដូចជា ប្រេងម៉ាស៊ូត ប្រេងសាំង និងប្រេងម៉ាស៊ីន នៅតាមស្ថានីយ៍ និងដេប៉ូចែកចាយទូទាំងប្រទេស៕
មតិយោបល់