ព័ត៌មានសេដ្ឋកិច្ច

ណូវែលហ្សេឡង់ ផ្តល់ថវិកាជិត ៥លានដុល្លារ ពង្រឹងការដំាដុះបន្លែសរីរាង្គគ្មានគីមីនៅកម្ពុជា

រដ្ឋាភិបាលប្រទេសណូវែលហ្សេឡង់ នឹងផ្តល់ថវិកាប្រមាណជិត ៥លានដុល្លារអាមេរិក ដើម្បីអនុវត្តន៍គម្រោងជួយដល់កសិករ ក្នុងការដំាដុះបន្លែសរីរាង្គ ឬបន្លែគ្មានសារធាតុគីមី នៅកម្ពុជា ក្រោមការសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឲ្យដឹងថា រដ្ឋាភិបាលណូវែលហ្សេឡង់ បានចុះអនុស្សរណៈជាមួយក្រសួងកសិកម្ម ដើម្បីផ្តល់ថវិកាជាង ៦.៤លានដុល្លារណូវែលហ្សេឡង់ ឬជិត ៥លានដុល្លារអាមេរិក ក្នុងគោលដៅធ្វើឲ្យប្រសើរឡើងនូវ ផលិតភាពកសិកម្ម បង្កើនផលិតផលក្នុងស្រុក ​និងសុវត្ថិភាពចំណីអាហារ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ ប្រជាកសិករ។

គម្រោងនេះ នឹងអនុវត្តន៍រយៈពេល ៥ឆ្នាំ សម្រាប់ក្រុមហ៊ុនឯកជនចំនួន ៤ ដែលកំពុងដាំដុះ និងផ្គត់ផ្គង់បន្លែសរីរាង្គនៅកម្ពុជា ហើយក្រុមហ៊ុនទាំង ៤នោះ នឹងសហការជាមួយមន្រ្តីជំនាញកសិកម្ម ក្នុងការផ្តល់ពូជ បច្ចេកទេសដំាដុះ បន្លែសរីរាង្គគ្មានសារធាតុគីមី ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារកម្ពុជា។

ការដាំដុះបន្លែសរីរាង្គនេះ មិនត្រឹមតែសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកទេ គឺសម្រាប់ការនាំចេញទៅក្រៅប្រទេសថែមទៀតផង ស្របពេលបច្ចុប្បន្ននេះ​ ក្នុងមួយថ្ងៃៗ កម្ពុជា បាននាំចូលបន្លែពីប្រទេសជិតខាងរហូតដល់ជាង ៤០០តោន។

គួរជម្រាបដែរថា បច្ចុប្បន្ននេះ ក្នុងមួយថ្ងៃៗ កម្ពុជានាំចូលបន្លែប្រមាណ ៤០០តោនពីក្រៅប្រទេស ស្មើនឹងជាង ១៤ម៉ឺនតោនក្នុង១ឆ្នាំ គិតជាទឹកប្រាក់ប្រមាណ ២០០លានដុល្លារអាមេរិក៕

មតិយោបល់