ភ្នំពេញ:កម្ពុជា ជាប្រទេសកសិកម្ម បើទោះជាវិស័យនេះ មិនមែនជាដំណោះស្រាយតែមួយគត់ សម្រាប់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ក៏ដោយ តែបានរួមចំណែក យ៉ាងសំខាន់ ដល់កិច្ចអភិវឌ្ឍន៍ នៅក្នុងទស្សវត្សនេះ ដែលអាចនិយាយបានថា វិស័យនេះ រួមចំណែកប្រមាណ ១\៣ នៃផលទុនសរុបរបស់កម្ពុជា និងបង្កើត GDP ការងារជាង ២\៣ ជូនពលរដ្ឋ។
លោក ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានមានប្រសាសន៍ឲ្យដឹង នៅថ្ងៃទី២១ ខែមេសា នេះ ក្នុងសិក្ខាសាលាត្រួតពិនិត្យ ពាក់កណ្តាលអាណត្តិ នៃការអនុវត្តគម្រោង កម្មវិធីក្រោមក្របខ័ណ្ឌ នៃផែនការអភិវឌ្ឍន៍កម្ពុជា ២០១៣-២០១៨ របស់មូលនិធិ អន្តរជាតិ សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) ថា “ កសិកម្ម ជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភ ទាំង៤ នៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ”។
លោក ទី សុគន្ធ បានបន្តថា ការអភិវឌ្ឍន៍វិស័យកសិកម្ម និងមិនត្រឹមតែដោះស្រាយ បញ្ហាសន្តិសុខស្បៀង ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវប្រភពចំណូល សម្រាប់ប្រជាជននៅជនបទ និងកាត់បន្ថយភាពក្រីក្រដោយផ្ទាល់ នៅជនបទទៀតផង។ ក៏ប៉ុន្តែយ៉ាងណា វិស័យនេះ នៅមិនទាន់រឹងមាំ នៅឡើយ គឺស្ថិតក្នុងភាពងាយធ្លាក់ចូលទៅភាពក្រីក្រវិញ ដោយសារកំណើននៃចំនួនប្រជាជននៅជនបទ ដែលត្រូវរកការងារថ្មី។
លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ដើម្បីឲ្យវិស័យនេះរឹងមាំ ត្រូវមានភាពចាំបាច់បន្ទាន់ ក្នុងការលើកកម្ពស់ជំនាញកសិកម្ម ដល់កសិករកម្ពុជា ហើយឈានទៅធ្វើពាណិជ្ជបូជនីយកម្មកសិកម្ម ជាពិសេសដំណាំស្រូវ។ បច្ចុប្បន្នការផ្សព្វផ្សាយកសិកម្ម នៅមានកម្រិត ទាំងបរិមាណ និងគុណភាព ហើយវិស័យនេះ ក៏កំពុងតែទទួលរងការគំរាមកំហែង ស្ទើរាល់ឆ្នាំ ពីគ្រោះធម្មជាតិ ដូចជា៖ គ្រោះរាំងស្ងួត ទឹកជំនន់ និងការបំផ្លាញពីសត្វល្អិត ហើយការប្រែប្រួលអាការធាតុ និងក្លាយជាបញ្ហាប្រឈមមួយថ្មី បន្ថែមទៀត បើសិនជាវិធានការឆ្លើយតបសមស្រប មិនត្រូវបានដាក់ចេញឲ្យទាន់ពេល និងដាក់ចេញវិធានការមុតស្រួចបន្ទាន់ ក្នុងការធ្វើសមាហរណកម្មទៅកាន់ទីផ្សារ ដើម្បីធ្វើពិពិធកម្មសក្កដានុពលកសិកម្មកម្ពុជា សម្រាប់គាំទ្រកំណើនការងារ និងកាត់បន្ថយភាពក្រីក្រ។
គួរំលឹកថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាល បានប្រឹងប្រែងរើបម្រាស់ ពីប្រទេសអន់ថយខាងសេដ្ឋកិច្ច និងគ្របដណ្តប់ទៅដោយភាពក្រីក្រ មានអសន្តិសុខស្បៀង ឥឡូវនេះបានក្លាយជាប្រទេសនាំស្បៀងចេញ ហើយស្ថិតក្នុងចំណាត់ថ្នាក់ទី១១ ដែលសម្រេចកំណើនសេដ្ឋកិច្ចខ្ពស់ លើពិភពលោក និងជាប្រទេសចំណាត់ថ្នាក់ទី០១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលសម្រេចបាន នូវវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការកែលម្អរសួចនាករ ផ្នែកសង្គមកិច្ច និងបានដាក់គោលដៅ សម្រេចឲ្យបាន នូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ នាពេលអនាគត៕
មតិយោបល់