ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ប្រកាសចាប់ផ្តើមការវាយលុកនៅតំបន់ប៉ាស៊ីហ្វិក ដោយមីស៊ីលបន្ថែមទៀត

កូរ៉េៈ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានធ្វើការវាយបកទៅអង្គការសហប្រជាជាតិវិញថា ការបាញ់កាំជ្រួចមីស៊ីលរបស់ខ្លួន ហោះរំលងប្រទេសជប៉ុន គឺជាការចាប់ផ្តើមប្រតិបត្តិការយោធា នៅតំបន់ប៉ាស៊ីហ្វិក។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧។

ទីភ្នាក់ងារព័ត៌មាន KCNA បានឲ្យដឹងថា ការថ្លែងយ៉ាងដូច្នេះ របស់ក្រសួងការបរទេសកូរ៉េខាងជើង បានធ្វើទ្បើងបន្ទាប់ពីអង្គការសហប្រជាជាតិ បានរិះគន់ និងថ្កោលទោសថា ការបាញ់មីស៊ីលផ្លោងរបស់ក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារទៅកាន់ភាគខាងជើងប្រទេសជប៉ុន បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខក្នុងតំបន់។

ពាក់ព័ន្ធនឹងបញ្ហានេះ កូរ៉េខាងជើង បានច្រានចោលផងដែរ សម្រាប់ការរិះគន់របស់អង្គការសហប្រជាជាតិ ដោយសំអាងថា តេស្តសាកល្បងអាវុធនាពេលថ្មីៗនេះ គឺក្នុងគោលបំណងដើម្បីការពារខ្លួន ប្រឆាំងជាមួយអាមេរិក និងកូរ៉េខាងត្បូងប៉ុណ្ណោះ បន្ទាប់ពីសកម្មភាពរបស់ពួកគេ បានរំលោភបំពានលើសិទ្ធិរបស់ខ្លួន ក្នុងនាមជាប្រទេសអធិបតេយ្យមួយ ខណៈក្រសួងក៏បានបញ្ជាក់ទៀតថា រដ្ឋាភិបាលកូរ៉េខាងជើង នឹងបាញ់មីស៊ីផ្លោងបន្ថែម ទៅកាន់តំបន់ប៉ាស៊ីហ្វិក។

សូមជំរាបថា សម្ព័ន្ធមិត្តអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំមួយ ឈ្មោះថា Ulchi – Freedom Guardian ដែលកូរ៉េខាងជើង បានចោទប្រកាន់ថា ទង្វើនេះជាការរៀបចំសម្រាប់ការឈ្លានពាន៕

មតិយោបល់