ព័ត៌មានសេដ្ឋកិច្ច

ត្រៀមបិទចរាចរណ៍២ឆ្នាំ លើស្ពានជ្រោយចង្វារចាស់ បើកចរាចរណ៍ទ្វេទិសលើស្ពានទី២

ស្ពានជ្រោយចង្វារចាស់ គ្រោងនឹងចំណាយប្រមាណ ៣៣លានដុល្លារអាមេរិក និងបិទចរាចរណ៍ ២ឆ្នាំដើម្បីចាប់ផ្តើមជួសជុលឡើងវិញ ដោយបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី ១ ខែតុលា ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ។

នាពេលបច្ចុប្បន្ន ក្រុមការងារជំនាញ បាននិងកំពុងរៀបចំស្ថាបនាគ្រឹះផ្លូវបត់ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា ចិន (ទី២) សម្រាប់ដាក់ឲ្យចរាចរណ៍ទ្វេទិស នៅពេលដំណើរការជួសជុលស្ពានជ្រោយចង្វារចាស់ (ទី១)។

ចំពោះចរាចរណ៍ ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ស្ពានជ្រោយចង្វារទី ២ តាមទិសដៅសញ្ញាចរាចរណ៍ និង/ឬ ការសម្របសម្រួលពី សមត្ថកិច្ចនគរបាលចរាចរណ៍។

បច្ចុប្បន្ន ស្ពានជ្រោយចង្វារចាស់ មានសភាពចាស់ទ្រុឌទ្រោម ដែលទទួលរងនូវការខូចខាត ទាមទារឲ្យមានការជួសជុលឡើងវិញ​ ដោយតម្រូវឲ្យបិទចរាចរណ៍ឆ្លងកាត់ទាំងស្រុង ដើម្បីបង្កភាពងាយស្រួលដល់ការអនុវត្តគម្រោងជួសជុល។

គួរបញ្ជាក់ថា ស្ពានជ្រោយចង្វារចាស់ មានប្រវែង ៧០៩ម៉ែត្រ មានសភាពចាស់ទ្រុឌទ្រោម ដែលទាមទារឲ្យមានការជួសជុលឡើងវិញ តែដោយសារបញ្ហាកកស្ទះចរាចរណ៍ ទើបពន្យារពេលជួសជុលមកទល់ពេលនេះ៕

មតិយោបល់