ពិធីបុណ្យសមុទ្រក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២២ រហូតដល់ទី ២៤ ខែ ធ្នូ ឆ្នាំ២០១៧ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកចូលរួមលេងកម្សាន្ដ ប្រមាណជាង ៥០ម៉ឺននាក់។ នេះបើតាមរបាយការណ៍ របស់រដ្ឋបាលខេត្តកែប ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានជាតិ។
លោក ប៉ុក ទាង អនុប្រធានមន្ទីរទេសចណ៍ខេត្តកែប បានបញ្ជាក់ថា ក្នុងពិធីបុណ្យសមុទ្ររយៈ ពេល ៣ថ្ងៃនេះ គឺមានអ្នកចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឲ្យអ្នកទទួលផែនការ ត្រូវបន្តការងារជាប្រចាំ ដោយត្រូវតែប្រមូលសំរាម និងកាកសំណល់ជា រៀងរាល់ថ្ងៃ គ្រប់ពេល គ្រប់នាទី ចេញពីដងផ្លូវ និងកន្លែងសាធារណៈនៃទីប្រជុំជនខេត្តកែបទាំងមូល។
ក្នុងថ្ងៃទី ២២ ជាថ្ងៃទី ១ នៃបុណ្យសមុទ្រគឺមនុស្សមិនសូវមកចូលរួមទេ លុះដល់យប់ថ្ងៃទី ២៣ និងទី២៤ ខែធ្នូ ដែលជាថ្ងៃបញ្ចប់ទើបមានមនុស្សច្រើន សម្រុកមកលេងកម្សាន្ដយ៉ាងច្រើនកុះករ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏បានបង្ហាញពី ចំនុចសំខាន់ៗដែលត្រូវធ្វើសម្រាប់បុណ្យសមុទ្រ រួមមាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ រៀបចំការតាំងពិព័រណ៍ រៀបចំទីក្រុងស្អាត រៀបចំឆ្នេរកម្សាន្ត ត្រួតពិនិត្យសេវាកម្មទេសចរ ត្រួតពិនិត្យម្ហូបអាហារ និងត្រួតពិនិត្យលើបញ្ហាបង្គន់អនាម័យ។
លោក ក៏បានស្នើថា កម្ពុជា ត្រូវយកឱកាសពិធីបុណ្យសមុទ្រលើកនេះ ធ្វើឲ្យខេត្តកែប ជាខេត្តគំរូខាងអនាម័យ និងគុណភាពសេវាកម្មទេសចរណ៍គឺ នៅតាមអាហារដ្ឋាន និងភោជនីយដ្ឋានមិនមានការបោះក្រដាសក្រោមតុ បន្ទប់ទឹកនិងបង្គន់អនាម័យសាធារណៈត្រូវស្អាត និងធ្វើឲ្យទីក្រុងកែប ជាទីក្រុងទេសចរណ៍ស្អាត គំរូ គ្មានសំរាម។
បុណ្យសមុទ្រលើកទី ៦នេះ ត្រូវបានរំពឹងថា នឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឲ្យមកទស្សនាខេត្តកែបបានកាន់តែច្រើន ដែលនឹងរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិផងដែរ។
គួរបញ្ជាក់ថា តំបន់ឆ្នេរសមុទ្រកម្ពុជា នឹងក្លាយជាគោលដៅទាក់ទាញទេសចរណ៍ លំដាប់ទី ២ បន្ទាប់ពីប្រាសាទអង្គរវត្ត ដែលរំពឹងនឹងទទួល ភ្ញៀវទេសចរណ៍អន្តរជាតិ បាន ២លាននាក់ នៅឆ្នាំ ២០២០៕
មតិយោបល់