ព័ត៌មានបច្ចេកវិទ្យា

ញាក់សាច់! ពេលដឹងតម្លៃប្តូរកញ្ចក់តួក្រោយ iPhone 8/8 Plus ពី AppleCare+

តួសម្បកខាងក្រោយរបស់ទូរសព្ទដៃស៊េរីថ្មីរបស់ក្រុមហ៊ុន Apple គឺ iPhone 8 និង 8 Plus ដែលផលិតពីសារធាតុ​កញ្ចក់ គឺជារចនាបទពិសេស​​តែមួយគត់ ដែលខុសពី iPhone 7 និង 7 Plus បើមិនគិតពីសមត្ថភាព Hardware ខាងក្នុង។ ប៉ុន្តែ អ្វីដែលខុសគ្នាមួយទៀតនោះគឺតម្លៃរបស់វា ដែលក្រោយពីដឹងហើយ លោកអ្នក ពិសេសអ្នកដែលនិយមដេញស៊េរី iPhone ប្រាកដជាភ្ញាក់ផ្អើលខ្លាំងជាមិនខាន។ ភ្ញាក់ផ្អើលក៏ដោយសារតែ តម្លៃគ្រឿងបន្លាស់កញ្ចក់តួខាងក្រោយរបស់ iPhone ស៊េរីចុងក្រោយនេះ ដែលចេញដោយមជ្ឈមណ្ឌលថែរក្សារបស់ក្រុមហ៊ុន AppleCare+ គឺថា ថ្លៃកប់មិនគួរឱ្យជឿ។

យោងតាមសេចក្តីរាយការណ៍ពីគេហទំព័រ AppleInsider បានឱ្យដឹងនៅថ្ងៃម្សិលមិញថា តម្លៃប្តូរកញ្ចក់តួខាងក្រោយរបស់ទូរសព្ទ iPhone 8 ឬ 8 Plus ដែលបានបែក ឬខូច គឺមិនមែនស្មើថ្លៃប្តូរកញ្ចក់អេក្រង់ ២៩ ដុល្លារ នោះទេ ប៉ុន្តែ ៩៩ ដុល្លារ (គិតទាំងពន្ធ) ឯណោះ។ ហើយនេះ គិតចំពោះតែអ្នកដែលបានទិញកម្មវិធីធានារបស់ក្រុមហ៊ុនប៉ុណ្ណោះ។

បន្ថែមពីលើនេះ បើអតិថិជនធ្វើឱ្យខូចលើសពីពីរលើក AppleCare+ នឹងគិតថ្លៃរហូតដល់ ១២៩ ដុល្លារ សម្រាប់ iPhone 8 និង ១៤៩ ដុល្លារ សម្រាប់ iPhone 8 Plus។ ហើយបើសរុបទាំងកញ្ចក់អេក្រង់ និងកញ្ចក់តួខាងក្រោយបូកបញ្ចូលគ្នា គឺថ្លៃនឹងឡើងដល់ទៅ ៣៤៩ ដុល្លារ សម្រាប់​ iPhone 8 និង​ ៣៩៩ ដុល្លារ សម្រាប់ iPhone 8 Plus។

ដោយឡែកសម្រាប់ព័ត៌មានស្តីពីតម្លៃប្តូរកញ្ចក់អេក្រង់ និងកញ្ចក់តួខាងក្រោយរបស់ iPhone X វិញ គឺមិនទាន់ទទួលបាននៅឡើយទេ តែគេគ្រាន់តែដឹងថា Apple លក់សេវាកម្មវិធីធានារបស់ខ្លួនទៅដល់អតិថិជនក្នុងតម្លៃ ១៩៩ ដុល្លារ។

គួររំឭកថា iPhone ស៊េរីថ្មី ដែលទើបប្រកាសចេញកាលពីពេលថ្មីៗនេះ តួខាងក្រោយរបស់វា ត្រូវបានរចនាឡើងដោយសារធាតុកញ្ចក់ពិសេសម្យ៉ាងដែលអាចអនុញ្ញាតឱ្យចរន្តអគ្គិសនីឆ្លងកាត់ចូលទៅថ្មខាងក្នុងរបស់វាបាន ហើយនេះគឺខុសពី iPhone ស៊េរីមុនៗ ដែលសម្បកខាងក្រោយរបស់វា ផលិតពីលោហៈធាតុ ឬផ្លាស្ទិកធម្មតាៗ៕

ប្រភពព័ត៌មានៈ msn

មតិយោបល់