ក្រុមហ៊ុន GRAB ថៃ បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគនៅក្នុង ទីផ្សារថ្មី នៅប្រទេសកម្ពុជា ខណៈត្រូវការសិក្សាស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច កត្តាជីវភាពប្រជាជន និងបញ្ហាប្រឈមជាមុន។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញនេះ។
GRAB Taxi បានសម្តែងចំណាប់អារម្មណ៍ខ្លាំង ក្នុងការធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកបើកបរ ជាមួយអ្នកដំណើរការកម្មវិធីនេះ។
លោក Yee Wee Tang ប្រធានគ្រប់គ្រងក្រុមហ៊ុន GRAB Taxi ប្រចាំព្រះរាជាណាចក្រថៃ បានស្នើសុំការគាំទ្រពី ក្រសួងសាធារណការ និងដឹកជញ្ជូនលើ ដំណើរការចាប់ផ្តើមនៃប្រតិបត្តិការអាជីវកម្មរបស់ ក្រុមហ៊ុន GRAB Taxi។
ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា សេវារថយន្តតាក់ស៊ីតាមប្រព័ន្ធអនឡាញទាំងនេះ នឹងជួយធ្វើឲ្យការដឹកជញ្ជូនសាធារណៈកាន់តែមានភាពងាយស្រួល ក្នុងកម្រិតថ្មីមួយទៀត។
យ៉ាងណាមិញ លោក ក៏បានស្នើឲ្យក្រុមហ៊ុន GRAB Taxi ធ្វើប្រតិបត្តិការស្របតាមច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា និងជម្រុញឲ្យក្រុមហ៊ុន ធ្វើការជាមួយក្រុមជំនាញ ទាក់ទងនឹងនីតិវិធីសុំស្នើអាជ្ញាប័ណ្ណ។
គួររម្លឹកដែរថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Uber មកពីអាមេរិក ក៏បានបង្ហាញពីចំណាប់អារម្មណ៍លើ កម្មវិធីហៅតាក់ស៊ីតាមអនឡាញ នៅកម្ពុជាផងដែរ៕
មតិយោបល់