កាលពីថ្ងៃទី៨ តុលាមុននេះ កម្មវិធី SOYO ដែលត្រូវគេស្គាល់ថាកម្មវិធីទស្សនាវីដេអូដ៏ពេញនិយម នៅក្នុងប្រទេសកម្ពុជា បានប្រកាសបើកការប្រកួតភាពយន្តខ្នាតខ្លី បន្ទាប់ពីការប្រកួតមួយនេះទទួលបានជោគជ័យកាលពីរដូវកាលទី១។
អ្នកចូលរួមប្រកួតប្រជែងគ្រាន់តែផលិតភាពយន្តខ្លីក្រោមប្រធានបទស្នេហា នឹងមានឱកាសទទួលបានទឹកប្រាក់ចំនួន១ពាន់ដុល្លារពីការប្រកួតឈ្នះ ដោយក្រៅពីបានប្រាក់រង្វាន់ហើយ ស្នាដៃទាំំងនោះក៏ត្រូវបានផ្សព្វផ្សាយទូលំទូលាយផងដែរ។
នេះជាការប្រកួតដែលត្រូវបានប្រកាសឡើងក្នុងបំណងលើកស្ទួយដល់វិស័យផលិតខ្សែភាពយន្តខ្នាតខ្លីនៅកម្ពុជា ដើម្បីជម្រុញទឹកចិត្តអ្នកផលិតវ័យក្មេងឲ្យកាន់តែបង្កើនសមត្ថភាព និងស្នាដៃ។ កម្មវិធីនេះជារៀបចំដោយក្រុមហ៊ុន២ ដោយក្រុមហ៊ុនសប្បាយជាអ្នកចំណាយដើមទុន ហើយក្រុមហ៊ុន ComeTogether Films ជាអ្នកជួយផ្នែកបណ្តុះបណ្តាលបច្ចេកទេស និង ភាពច្នៃប្រឌិតទៅដល់ក្រុមផលិតករនីមួយៗ។ តួសំខាន់ៗស្ទើរតែទាំងអស់ក្នុងខ្សែភាពយន្តខ្នាតខ្លីមួយនេះត្រូវបានប្រកាសថា គឺជាសិក្ខាមថ្មីៗដែលទទួលបានការបង្ហាត់បង្ហាញពីផលិតកម្មក្នុងស្រុក ComeTogether Films ក្រោមការ សហការជាមួយនាយកដ្ឋានសិល្បៈភាពយន្ដ និង ផ្សព្វផ្សាយវប្បធម៌ របស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។
ខ្សែភាពយន្តខ្នាតខ្លីចំនួន១២រឿងដែលបានផលិតឡើងកាលពីរដូវកាលទី២ត្រូវបានតម្រូវឲ្យផលិតក្រោមប្រធានបទ«ភាពរីករាយ»ដោយមានការដាក់ជូនទស្សនានៅលើប្រព័ន្ធអនឡាញតាមរយៈកម្មវិធី SOYO យ៉ាងទូលំទូលាយផងដែរ។
ជាមួយនឹងការប្រកាសនេះ គឺផលិតករគ្រប់វ័យទាំងអស់ដែលមាន ឬពុំមានបទសោធន៍និងមានឱកាសចូលរួមប្រកួតប្រជែងដោយសេរី ដោយគ្រាន់តែផលិតសាច់រឿងឲ្យត្រូវនឹងប្រធានបទ«ស្នេហា» ទៅតាមចំណង់ចំណូលចិត្ត និងការយល់ឃើញ ដើម្បីធ្វើការប្រកួតប្រជែង។
អ្វីដែលកម្មវិធីប្រកួតប្រជែងនេះចង់បាន គឺចំណាប់អារម្មណ៍ផលិតករ សាច់រឿង លក្ខណៈខុសប្លែកគ្នា ជុំវិញរឿងរ៉ាវស្នេហា មិនថាជារឿងសប្បាយ ការជម្រុញទឹកចិត្ត ឬការសោកសៅនោះទេ។ កម្មវិធីនេះត្រូវបានប្រកាសថានឹងចាប់ផ្ដើមទទួលការចុះឈ្មោះចាប់ពីថ្ងៃប្រកាសនេះរហូតដល់ថ្ងៃទី៤ វិច្ឆិកា ឆ្នាំ ២០១៧ ដោយផ្ញើរសាច់រឿងជា២ភាសារួមមានភាសាខ្មែរ និងអង់គ្លេសមកកាន់ SOYO តាមរយៈអុីមែល cometogetherfilms.kh@gmail.com ។ ម្ចាស់ជ័យលាភីនីមួយៗ នឹងទទួលបានរង្វាន់ចំនួន ១០០០ ដុល្លារ និងការជំរុញនូវជាជំនាញ និងឱកាសជាច្រើនផ្សេងទៀត ដើម្បីលើកកម្ពស់វិស័យមួយនេះ៕
មតិយោបល់