ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា រំពឹងទទួលភ្ញៀវទេសចរចិន ២លាននាក់ ត្រឹមឆ្នាំ ២០២០

កម្ពុជា រំពឹងទទួលភ្ញៀវទេសចរចិនប្រមាណ ២លាននាក់ ត្រឹមឆ្នាំ ២០២០នេះ ខណៈឆ្នាំ ២០១៧នេះ កម្ពុជា នឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ ១លាននាក់។ នេះបើយោងតាមការឲ្យដឹងពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាឱកាសវេទិកាជាតិលើកទី ២ ស្តីពី China Ready។

ដើម្បីចាប់យកកាលានុវត្តភាពនៃគំនិតផ្ដួចផ្ដើមនេះ ការដាក់ចេញ «China-Ready» ក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា គឺជាឱកាសមាស (Momentum) លោក ថោង ខុន បានផ្តល់នូវអនុសាសន៍គន្លឹះជាយុទ្ធសាស្រ្តចំនួន ៣ រួមមាន៖
​ទី១. បន្តរួមគ្នា បើកចំហរឱ្យកាន់តែទូលំទូលាយថែមទៀត ផ្តើម​​ចេញពីផ្លៃផ្កា​នៃ​ការអនុវត្តគោលនយោបាយ China Ready ក្នុងបរិបទនៃគំនិត​ផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ និងវិថីមួយ» ដោយត្រូវគិតគូរលើកត្តា ៣ គឺ បន្ដពង្រឹងការ​ត​ភ្ជាប់​ (Connec​​tivity) ​ការសម្រួលការធ្វើដំណើរ (Facilitation of Travel) និងដឹកជញ្ជូន​ទេសចរណ៍ នឹង ត្រូវមានយុទ្ធនាការ​ផ្សព្វផ្សាយ​ទេសចរណ៍រួមគ្នា​ ដើម្បីជំរុញការតភ្ជាប់រវាងប្រទេសទាំង ២​អោយច្រើនទៀត។

ទី២. បន្តរួមគ្នាទាញយកផលប្រយោជន៍ជាវិជ្ជមាន សម្រាប់​ការអភិវឌ្ឍទេសចរណ៍ប្រកប​ដោយចីរភាព និងឆ្ពោះទៅរកការរីកចំរើន និងវឌ្ឍន-ភាពសង្គម។
ទី៣. បន្តរួមគ្នាជំរុញ និងបង្កើតថ្មី (Innovation) ក្នុងឧស្សាហកម្មទេសចរណ៍ក្នុងបរិបទនៃគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងវិថី» ដោយ​ត្រូវពង្រឹងកិច្ចសហការជាមួយ​ភាគីពាក់ព័ន្ធ​ក្នុង​ការវិនិយោគ និង​​ការ​អភិវឌ្ឍ​ផលិតផលទេសចរណ៍​ សម្រាប់​ទេសចរ​ចិនប្រកបដោយភាពច្នៃប្រឌិត និងនិវានុវត្តភាព។

គួរជម្រាបដែរថា គិតត្រឹម ៨ខែ ឆ្នាំ ២០១៧នេះ ភ្ញៀវទេសចរណ៍ជាង ៣.៥លាននាក់ បានមកទស្សនាព្រះរាជាណាចក្រកម្ពុជា កើនឡើង ១១ភាគរយ ក្នុងនោះមាន ភ្ញៀវទេសចរចិនប្រមាណ ៧សែន៤ម៉ឺននាក់ កើនឡើង ៤៤ភាគរយ ឈរលំដាប់ទី១៕

មតិយោបល់