កាលពីម្សិលមិញនេះ ការិយាល័យតាំងបង្ហាញអគារគំរូខុនដូ The Parkway ដែលមានការដាក់បញ្ចូលគ្នានៃស្ថាបត្យកម្មខ្មែរ និងរចនាបទសម័យទំនើប ត្រូវបានដាក់សម្ពោធជាផ្លូវការ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បន្ទាប់ពីបានដំណើរការសាងសង់អស់រយៈពេលជាង ៧ខែកន្លងមក។
អគារខុនដូដ៏ទំនើបមួយនេះគឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Parkway Investment Co. , Ltd ដែលជាក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុន Nantong City Daxin Engineering (Cambodia) ដែលមានមូលដ្ឋាននៅប្រទេសចិន ដែលមានទីតាំងនៅខណ្ឌទួលគោក ជាបណ្តុំនៃការអភិវឌ្ឍន៍មានចំនួន ១៥០០យូនីត និងមានកម្ពស់រហូតដល់ ៣៥ជាន់។
នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុនបានសម្រេចវិនិយោគទុនរួមគ្នា ជាមួយក្រុមហ៊ុនចិនដើម្បីសាងសង់គម្រោងខុនដូ ដែលមានលក្ខណៈពិសេសនៅកម្ពុជាលើផ្លូវលេខ ២៧៣ ក្នុងខណ្ឌទួលគោក។
សម្តេចក្រឡាហោម ស ខេង បានចាត់ទុកវត្តមាននៃគម្រោងខុនដូ The Parkway គឺជាសមិទ្ធិផលថ្មីមួយ នៅក្នុងក្រុងភ្នំពេញ ដែលមានភាពច្នៃប្រឌិតខ្ពស់ តាមរចនាបទខ្មែរទំនើប ដែលចូលរួមថែរក្សា និងអភិរក្សនូវ អត្តសញ្ញាណ និងវប្បធម៌ខ្មែរ ក្នុងវិស័យសំណង់។
លោក សួ សុខថេង នាយកប្រតិបត្តិនៃក្រុមហ៊ុន ផាកវេ អ៊ិនវេសម៉ិន បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍នេះនឹងមានអគារចំនួន ៣ ដោយអគារទីមួយមាន ២៩ជាន់ អគារទីពីរមាន ២៥ ជាន់ និងអគារទី ៣ មានរហូតដល់ ៣៥ជាន់ សរុបមកគឺ អគារខុនដូទាំងមូលមានខុនដូទំនើបៗចំនួន ១៥០០យូនីត ដែលមានទំហំចាប់ពី ៤៥ម៉ែត្រការ៉េ ដល់ ១៣៥ ម៉ែត្រការ៉េ។
លោក សុខថេង បន្តថា ការវិនិយោគសម្រាប់គម្រោងខុនដូទាំងនេះ មិនមែនសម្រាប់រយៈពេលខ្លីនោះទេ គឺសម្រាប់រយៈពេលវែង ដោយក្រុមហ៊ុនបានសម្លឹងឃើញអំពី កំណើនយ៉ាងឆាប់រហ័សនៃប្រជាជនថ្នាក់កណ្តាល រួមជាមួយនិងប្រាក់ចំណូលរបស់ពួកគេដែលកើនឡើងផងដែរ ដូច្នេះហើយពួកគេប្រាកដជាចង់ធ្វើការផ្លាស់ប្តូរនូវ របៀបរស់នៅប្រចាំថ្ងៃ អោយកាន់តែមានភាពប្រសើរឡើង និងប្រកបដោយផាសុកភាព។
លោកបានបន្ថែមថា លើសពីនេះទៀត ទីតាំងនៃខុនដូ ស្ថិតនៅក្នុងតំបន់លំនៅដ្ឋាន ដែលមានភាពល្អប្រសើរ ងាយស្រួល និងស្រស់ស្រាយ ហើយក្រុមហ៊ុនក៏មានបំណងទាក់ទាញអ្នកទេសចរគ្រប់ជាតិសាសន៍ ក៏ដូចជាទាក់ទាញប្រជាជនកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅបរទេសមករស់នៅក្នុងប្រទេសកម្ពុជា ជាមួយនិងអគារខុនដូទំនើប។
ខណ្ឌទួលគោក កំពុងប្រែក្លាយទៅជាទីប្រជុំជន ដែលមានភាពទាក់ទាញបំផុត ក្នុងការធ្វើពាណិជ្ជកម្មលើ វិស័យសំណង់អគារបុរី ទីក្រុងរណប និងពោរពេញទៅដោយផ្សារទំនើបជាច្រើន ហាងកាហ្វេល្បីៗ រោងកុន ភោជនីយដ្ឋាន សាកលវិទ្យាល័យ និងមន្ទីរពេទ្យ។
វត្តមានរបស់ខុនដូទំនើប ដែលជាការវិនិយោគរួមរវាង ក្រុមហ៊ុនផាកវេ អ៊ិនវេសម៉ិន និងក្រុមហ៊ុន Nantong City Daxin Engineering (Cambodia) Co នឹងក្លាយជាការបំពេញបន្ថែម ក៏ដូចជាការរួមចំណែកដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃ ខណ្ឌទួលគោកនេះផងដែរ៕













មតិយោបល់