តម្លៃជ័រកៅស៊ូបច្ចុប្បន្ន បានកើនឡើងវិញ គឺមធ្យមប្រមាណជា ២០០០ដុល្លារអាមេរិកក្នុងមួយតោន ខណៈតម្រូវការពីទីផ្សារសហគមន៍អឺរ៉ុប មានការកើនឡើង។ នេះបើយោងតាមការឲ្យដឹងពីលោកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន Mong Rithy Group។
តម្លៃកៅស៊ូបានធ្លាក់ចុះអស់រយៈពេល ៥ឆ្នាំ តែពេលនេះអ្នកដាំកៅស៊ូមានសង្ឃឹមឡើងវិញហើយ នៅពេលបណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប ត្រូវការជ័រកៅស៊ូច្រើនណាស់ពីកម្ពុជា។
រីឯផ្ទៃដីដាំដុះកៅស៊ូ ក៏មានកើនឡើងរហូតប្រមាណ ៤សែនហិកតា គ្របដណ្តប់លើច្រើនខេត្តក្រុងនៅកម្ពុជា ហើយអ្នកដាំកៅស៊ូ កាន់តែមានទំនុកចិត្តឡើងវិញ។
យោងតាមសេចក្តីប្រកាសពី តម្លៃប្រមូលទិញជ័រកៅស៊ូពីកសិករតាមតំបន់ របស់អគ្គនាយកដ្ឋានកៅស៊ូ តម្លៃជ័រស្ងួតសម្រាប់ខែធ្នូ ឆ្នាំ ២០១៦ នេះ គឺប្រមាណជា ៥៨០០ ទៅ ៦០០០រៀល ក្នុងមួយគីឡូក្រាម ដែលកាលពីពេលធ្លាក់ថ្លៃខ្លាំង គឺត្រឹមតែ ៣០០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា លោកឧកញ៉ា ម៉ុង ឫទ្ធី តែងតែចាត់ទុកដំណាំកៅស៊ូ ជាដង្ហើមសេដ្ឋកិច្ចដ៏ធំមួយរបស់កម្ពុជា បើទោះបីជាតម្លៃកៅស៊ូនៅកម្ពុជា ធ្លាប់ធ្លាក់ចុះខ្លាំង ក៏លោកអំពាវនាវកុំឲ្យអាជីវករដែលប្រកបមុខរបរកៅស៊ូ បោះបង់ ឬកាប់ចោលឲ្យសោះ៕
មតិយោបល់