ព័ត៌មានសេដ្ឋកិច្ច

USAID ផ្តល់ហិរញ្ញប្បទាន ១៥លានដុល្លារ សម្រាប់វិស័យកសិកម្ម នៅខេត្តចំនួន ៤

ទឹក​​ប្រាក់រហូតដល់ ១៥លានដុល្លារអាមេរិក របស់ USAID នឹងដាក់ឲ្យដំណើរការ​ឆាប់​ៗ​នេះ​ សម្រាប់​សកម្មភាព​កសិកម្មនៅតាមបណ្តាខេត្តមួយ​ចំនួន​ដូចជា៖ សៀមរាប បាត់ដំបង កំពង់ធំ និងពោធិ៍សាត់។ នេះបើយោងតាមការឲ្យដឹងពី USAID Cambodia។

កម្មវិធីនេះ មានរយៈពេល ៧ឆ្នាំ ធ្វើឡើងតាមរយៈភាពជាដៃគូរវាង អាជ្ញាធរឥណទានអភិវឌ្ឍន៍ (DCA) របស់ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក ​​សម្រាប់​ការអភិវឌ្ឍអន្តរជាតិ រួមជាមួយនឹង វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុAMK វិទ្យាស្ថាន LOLC (Cambodia) Plc វិទ្យាស្ថានសេវាហិរញ្ញវត្ថុ RMA Financial Services (Cambodia) សំដៅ​ដោះ​ស្រាយកង្វះហិរញ្ញវត្ថុសម្រាប់វិស័យដ៏មានសារៈសំខាន់នេះនាពេលបច្ចុប្បន្ន។

ការប្រកាសពីភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបង្កើនភាពដែលអាចទទួលបាននូវ ហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើឲ្យប្រសើរឡើង​នូវ​ផលិតភាព លើកកម្ពស់កំណើនសេដ្ឋកិច្ច ដែលដឹកមុខដោយវិស័យកសិកម្ម។

ដើម្បីបំពេញបន្ថែមលើគម្រោង​សន្តិសុខស្បៀងសម្រាប់អនាគត ថ្ងៃនេះទីភ្នាក់ងារ USAID បានចាប់ដៃគូជាមួយវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ​ចំនួនពីរគឺ វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ AMK វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ LOLC និងក្រុមហ៊ុន RMA ដើម្បីប្រមូល​ប្រាក់កម្ចីរហូតដល់ ១៥លានដុល្លារសហរដ្ឋអាមេរិកសម្រាប់វិស័យកសិវប្បកម្ម។

កម្ចីទាំងនេះនឹង​ពង្រីក​ការ​វិនិយោគលើវិស័យកសិវប្បកម្មក្នុងគោលដៅជម្រុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងការលក់វត្ថុ​ធាតុដើមកសិកម្ម។

អាជ្ញាធរឥណទានអភិវឌ្ឍន៍ (DCA) របស់ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​​សម្រាប់​ការអភិវឌ្ឍអន្តរជាតិ ធ្វើការជាមួយវិនិយោគិន ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក និងអង្គការអភិវឌ្ឍនានាដើម្បីរចនា និងផ្តល់នូវជម្រើសនានា​សម្រាប់ការវិនិយោគក្នុងគោលដៅធ្វើឲ្យជីវភាពមានភាពប្រសើរឡើង។

បច្ចុប្បន្ននេះ អាជ្ញាធរឥណទាន អភិវឌ្ឍន៍ (DCA) បានជួយប្រមូលហិរញ្ញប្បទានចំនួន ៤.៧លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងប្រទេសចំនួន ៧៦៕

មតិយោបល់