រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់ថវិកាជាង ៤សែនដុល្លារអាមេរិក សម្រាប់កសាងសាលារៀនចំនួន ៥ តាមសហគមន៍នៅកម្ពុជា។ នេះបើយោងតាម គេហទំព័រស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានបញ្ជាក់ថា ជំនួយឧបត្ថម្ភ ឥតសំណងនេះ ធ្វើឡើងក្រោមគម្រោងនៃកិច្ចសហប្រតិបត្តិការជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) សម្រាប់អភិវឌ្ឍន៍សាលារៀន នៅតាមសហគមន៍ចំនួន ៥ នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមឯកអគ្គរាជទូត បានបន្ដថា ថវិកាជាង ៨ម៉ឺនដុល្លារ នឹងប្រើប្រាស់ សម្រាប់ការសាងសង់អគារ
សិក្សា ១ខ្នង នៅសាលាបឋមសិក្សាពើក ស្រុកជ័យសែន និងជាង ៦ម៉ឺនដុល្លារទៀត សម្រាប់គម្រោងសាងសង់អគារសិក្សា ១ខ្នង នៅបឋមសិក្សាកក់កន្ថង ស្រុកគូលេន ដែលមន្ទីរអប់រំ យុវជន
និងកីឡា ខេត្តព្រះវិហារ ជាអ្នកទទួលគម្រោងនេះ។
ចំណែក ថវិកាចំនួន ៧ម៉ឺនដុល្លារ សម្រាប់គម្រោងសាងសង់ អគារសិក្សា ១ខ្នង នៅបឋមសិក្សាមេម៉ង ស្រុកកែវសីម៉ា ហើយអង្គភាពដែលទទួលគម្រោងថវិកា គឺមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគីរី។
ថវិកាចំនួនជិត ៦ម៉ឺនដុល្លារ សម្រាប់គម្រោងសាងសង់អគារសិក្សា ១ខ្នង នៅសាលាមត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យប៉ាងរលឹមរតនៈ ខេត្តប៉ៃលិន ដែលមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន គឺជាអ្នកទទួលអនុវត្តន៍គម្រោង។
ដោយឡែក គម្រោងអនុវត្តន៍បរិស្ថានរស់នៅប្រកបដោយនិរន្តរភាព តាមរយៈការអប់រំបែបអនុវត្តន៍នៅ
មជ្ឈមណ្ឌលគរុកោសល្យភូមិភាគនៅកម្ពុជា មានថវិកាជាង ១៣ម៉ឺនដុល្លារ ដែលអង្គការ Nature Center Risen ជាអ្នកអនុវត្តន៍៕
មតិយោបល់