ព័ត៌មានអន្តរជាតិ

មេដឹកនាំថ្មីនៅហ្ស៊ីមបាវ៉េ ត្រៀមខ្លួនឡើងកាន់អំណាច បន្ទាប់ពីប្រធានាធិបតីក្រាញ់អំណាច ៣៧ ឆ្នាំ ចុះចេញពីតំណែង

ហ្ស៊ីមបាវ៉េៈ អតីតអនុប្រធានាធិបតីហ្ស៊ីបាវេ លោក Emmanuel Mnangagwa ដែលត្រូវបានបណ្ដេញចេញពីតំណែង កំពុងរៀបចំខ្លួនទ្បើងកាន់អំណាច ក្នុងនាមជាប្រធានាធិបតីថ្មី បន្ទាប់ពីលោក រ៉ូប៊ឺត មួហ្គាបេ លាលែងពីតំណែង ក្រោយគ្រប់គ្រងអំណាចក្នុងប្រទេសអស់រយៈពេល ៣៧ ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក Mnangagwa ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយកងទ័ពបានវិលត្រឡប់មកកាន់ប្រទេសខ្លួនវិញហើយ ដោយមានការទទួលស្វាគមន៍យ៉ាងខ្លាំង កាលពីថ្ងៃពុធ ក្នុងនោះលោកក៏បានប្រាប់ដល់ក្រុមអ្នកគាំទ្រលោកថា «ពួកគេនឹងជាសាក្សី សម្រាប់ប្រជាធិបតេយ្យថ្មីមួយ នៅហ្ស៊ីមបាវ៉េ»។

លោក Mnangagwa វ័យ ៧៥ ឆ្នាំ នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតី នៅក្នុងពិធីសម្ពោធមួយនៅថ្ងៃសុក្រនេះ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានស្នើឲ្យលោក មួហ្គាបេ អាចចូលរួម ក៏ដូចជាការទទួលយកការលាគ្នាជាកិត្តិយសផងដែរ។

គួររំឭកថា លោកមួហ្គាបេ បានបណ្តេញលោក Mnangagwa ចេញពីតួនាទីជាអនុប្រធានាធិបតីនៅថ្ងៃទី ៦ ខែវិច្ឆិកា ជុំវិញជម្លោះដណ្តើមតំណែង ជាមួយស្ត្រីទីមួយលោកស្រី Grace Mugabe ដែលបញ្ហានេះ បានជំរុញឲ្យមានការអន្តរាគមន៍ពីពួកយោធា៕

មតិយោបល់