ប្រទេសអាហ្សែបាយហ្សង់ និងកម្ពុជា គ្រោងនឹងបើកជើងហោះហើរត្រង់មក កម្ពុជា ជាលើកដំបូងបង្អស់នៅឆ្នាំ ២០១៧ខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអាហ្សែបាយហ្សង់មកកាន់កម្ពុជាឲ្យកាន់តែច្រើន។ នេះបើយោងតាមគេហទំព័រ ក្រសួងទេសចរណ៍ ចេញផ្សាយកាលពីម្សិលមិញនេះ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឯកភាពលើការរៀបចំគម្រោងចុះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យទេសចរ និងការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ ព្រមទាំងជម្រុញភ្ញៀវទេសចរពីអាហ្សែបាយហ្សង់មកកម្ពុជា ឲ្យបានកាន់តែច្រើន។
នៅឆ្នាំ ២០១៧ ក្រសួងទេសចរណ៍ នឹងធ្វើបទបង្ហាញអំពីសក្តានុពលវិស័យទេសចរនិងការវិនិយោគរបស់កម្ពុជា នៅក្នុងប្រទេសអាហ្សែបាយហ្សង់ ដើម្បីឲ្យវិនិយោគិន និងភ្ញៀវទេសចរអាហ្សែបាយហ្សង់ បានស្គាល់កម្ពុជាកាន់តែច្រើន។
កម្ពុជា ក៏ជួយសម្របសម្រួលទិដ្ឋាការចេញ-ចូល របស់វិនិយោគិន និងភ្ញៀវទេសចរអាហ្សែបាយហ្សង់ ឲ្យបានល្អបំផុត ជាពិសេសទាក់ទាញវិនិយោគិន ឲ្យមកវិនិយោគលើវិស័យទេសចរណ៍ និងសណ្ឋាគារ ដើម្បីជួយបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា និងបង្កើនប្រាក់ចំណូលដល់វិស័យសេដ្ឋកិច្ចជាតិ។
គួរជម្រាបដែរថា ប្រទេសអាហ្សែបាយហ្សង់ ឋិតនៅចន្លោះទ្វីបអាស៊ី និងទ្វីបអឺរ៉ុប នៅតំបន់កូកាសុស មានរដ្ឋធានី Baku៕
មតិយោបល់