កាលពីពេលថ្មីៗនេះ ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Hiroshige Seko រដ្ឋមន្រ្តីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំជំនួយបច្ចេកទេសដើម្បីកសាងរចនាសម្ព័ន្ធសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក រួមទាំងការកែលម្អ និងធ្វើឲ្យប្រសើរទ្បើងនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម ជាពិសេសគម្រោងបញ្ជរជាតិតែមួយ និងការកសាងសមត្ថភាពមន្ត្រីពាក់ព័ន្ធ តាមរយៈការប្រកាសផ្តល់ជំនួយរបស់ជប៉ុនក្នុងទឹកប្រាក់ ៣០០ លានដុល្លារ ដើម្បីការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ដល់ប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍសម្រាប់រយៈពេល ៣ឆ្នាំ។
ជាការឆ្លើយតប ឯកឧត្តម Hiroshige Seko បញ្ជាក់ថា លោក នឹងពិចារណាលើ សំណើរបស់ប្រទេសកម្ពុជា ហើយនឹងបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម៕
មតិយោបល់