លោក អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានចូលរួមជាអធិបតីភាពក្នុង សិក្ខាសាលាផ្សព្វផ្សាយពី លទ្ធផលនៃគម្រោងសិក្សាលទ្ធភាពសម្រាប់ប្រព័ន្ធផលិតថាមពលពីពន្លឺព្រះអាទិត្យ និងខ្យល់ខ្នាតតូចសម្រាប់ប្រើប្រាស់តាមផ្ទះ ក្នុងតំបន់ដែលមិនមានបណ្តាញអគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា។
សិក្ខាសាលានេះ មានគោលបំណងពិនិត្យមើលលទ្ធផលនៃ ការសិក្សាអំពីប្រព័ន្ធផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងខ្យល់ ដែលបានដាក់ឲ្យដំណើរការអស់រយៈពេលជិត ១ឆ្នាំមកហើយ បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សារណយោគយល់ កាលពីខែឧសភា ឆ្នាំ២០១៦ កន្លងទៅ។
ជាលទ្ធផល ក្រុមការងារ បានអនុវត្តជោគជ័យនូវការដំឡើងសាកល្បងប្រព័ន្ធផលិតថាមពលអគ្គិសនីខាងលើ សម្រាប់ប្រើប្រាស់តាមខ្នងផ្ទះក្នុងខេត្តចំនួន ៣ គឺ ខេត្តពោធិ៍សាត់ ខេត្តកណ្តាល និងខេត្តមណ្ឌលគីរី។
សម្រាប់ប្រព័ន្ធនេះ ១ឈុត អាចផ្គត់ផ្គង់ថាមពលអគ្គិសនីបាន ៥០០វ៉ាត់ (២០០វ៉ាត់ ពីថាមពលព្រះអាទិត្យ និង ៣០០វ៉ាត់ទៀត ពី ថាមពលខ្យល់) ហើយវាជាថាមពលស្អាត ពុំមានប៉ះពាល់បរិស្ថានឡើយ។
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធផលិតថាមពលដើរដោយថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ខ្នាតតូចនេះ គឺសម្រាប់ប្រើប្រាស់តាមខ្នងផ្ទះ ក្នុងតំបន់ដែលមិនមានបណ្តាញអគ្គិសនីទៅដល់ ហើយប្រព័ន្ធនេះផងដែរអាចចូលរួមចំណែកផ្គត់ផ្គង់អគ្គិសនីដល់ ប្រជាពលរដ្ឋរស់នៅតាមតំបន់ដាច់ស្រយាលថែមទៀតផង ដែលរហូតមកដល់ឆ្នាំ ២០១៧នេះ ថាមពលព្រះអាទិត្យមានប្រមាណ ២៨មេហ្គាវ៉ាត់ និងថាមពលខ្យល់ប្រមាណ ៣០០គីឡូវ៉ាត់ គិតចាប់ពីឆ្នាំ ២០១៥៕
មតិយោបល់