កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបារាំង បានផ្ដល់ថវិកាជាង ១៣លានដុល្លារអាមេរិក សម្រាប់សាងសង់រោងចក្រប្រព្រឹត្ដិកម្មទឹកស្អាតទី ២ នៅក្នុងខេត្ដសៀមរាប ដើម្បីធានាសុវត្ថិភាពសុខភាពជូន ប្រជាពលរដ្ឋនៅក្នុងខេត្ដ។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ទឹកវិលទី២ ដែលចាប់ផ្តើមដំណើរការសាងសង់ នៅពេលនេះបានចំណាយទឹកប្រាក់ ចំនួន ១៣លានដុល្លារ ជាឥណទានសម្បទានរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បារាំង-កម្ពុជា និងជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យផ្គត់ផ្គង់ទឹក ស្អាតដើម្បីបម្រើដល់វិស័យទេសចរណ៍លើតម្រូវការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ។
ឯកឧត្តមបានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋដែលរស់នៅតាមទីក្រុង ទីប្រជុំជន ទូទាំងប្រទេស និងទទួលបានការផ្គត់ផ្គង់ទឹកស្អាត ១០០ភាគរយ ដែលក្នុងនោះចំនួន ៩០ភាគរយ ទទូលបានសេវាកម្មទឹកស្អាតតាមបំពង់សម្រាប់ប្រើប្រាស់។
សម្រាប់តម្លៃទឹកនេះ រាជរដ្ឋាភិបាលផ្តល់លទ្ធភាពឱ្យ ប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ចួលរួមពិភាក្សា ក្នុងការកំណត់តម្លៃលក់ទឹកស្អាត ក្នុងមូលដ្ឋានរបស់ខ្លួននិងផ្តល់អាទិភាព បញ្ចុះតម្លៃប្រើប្រាស់ទឹកក្នុងកម្រិតអប្បបរមា សម្រាប់ប្រជាពលរដ្ឋទីទាល់ក្រ។
ចំពោះតំបន់ណាដែលពលរដ្ឋ មិនទាន់មានលទ្ធភាពធ្វើបានក្រសួងបាន ផ្តល់លក្ខណៈឱ្យក្រុមហ៊ុនទឹកស្អាតឯកជនវិនិយោគ ផលិត និងធ្វើការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់នោះ ដោយផុ្តល់អាជ្ញាប័ណ្ណមានសុពលភាព រហូត រយៈពេល ២០ឆ្នាំ ដើម្បីរួមគ្នាដោះស្រាយបញ្ហាកង្វល់ និងតម្រូវការទឹកស្អាតរបស់ ប្រជាពលរដ្ឋ។
លោក Philippe Chatignoux តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា បានឱ្យដឹងថា គម្រោងថ្មីនៃរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅតំបន់អង្គរ គឺជានិមិត្តរូបមួយនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងបារាំង-កម្ពុជា ហើយកិច្ចសហប្រតិបត្តិការ នៃការផលិតនិងចែកចាយទឹកស្អាតនេះ គិតរហូតមកទល់ពេលនេះមាន រយៈពេល ២៥ឆ្នាំមកហើយ។
លោកបញ្ជាក់ថា ប្រទេសបារាំង បាននិងកំពុងបន្តខិតខំរបស់ខ្លួន ដើម្បីគាំពារ និងការលើកកម្ពស់តម្លៃ នៃបេតិកភណ្ឌអង្គរ និងរួមចំណែកក្នុងការអភិវឌ្ឍទីក្រុងនៅក្នុង ខេត្តសៀមរាបប្រកបដោយនិរន្តរភាព៕
មតិយោបល់