ព័ត៌មានសេដ្ឋកិច្ច

ចិន គ្រោងសាងសង់រោងចក្រម្សៅមី ៥រោងចក្រ នៅឆ្នាំ ២០១៨

ក្រុមហ៊ុន Green Leader holding Group Co. LTD. នឹងសាងសាងរោងចក្រចំនួន ៥ នៅក្នុងឆ្នាំ ២០១៨ ហើយមានផែនការសាងសង់រោងចក្រឲ្យបានចំនួន ១០ នៅឆ្នាំ ២០២០ ដែលអាចផលិតម្សៅមីរហូតដល់ ២លានតោន សម្រាប់នាំចេញ។ នេះបើយោងតាមគេហទំព័រ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យប្រធានក្រុមហ៊ុន Green Leader holding Group Co. LTD. ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍនភាពនៃការវិនិយោគ លើការដាំដុះដំឡូងមី កែឆ្នៃ និងការនាំចេញផលិតផលម្សៅមី និងប្រេងអេតានុល។

យ៉ាងណាមិញ ក្រសួង ពុំទាន់បានបញ្ជាក់ពី ទំហំទឹកប្រាក់វិនិយោគ និងទីតាំងសាងសង់រោងចក្រនៅឡើយទេ។

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា និន្នាការ និងការរំពឹងទុក បានបង្ហាញថា តម្រូវការដំឡូងមីសម្រាប់ទីផ្សារក្នុងតំបន់និងពិភពលោក នឹងមានកំណើនកាន់តែខ្ពស់ ដែលនេះគឺជាកាលានុវត្តភាពថ្មីសម្រាប់កម្ពុជា ដើម្បីអភិវឌ្ឍន៍ចង្វាក់តម្លៃដំឡូងមី តាមរយ:ការពង្រឹង និងពង្រីកផលិតកម្ម ការកែច្នៃចំណិតដំឡូងមី និងសមត្ថភាពនាំចេញ សំដៅឆ្លើយតបតម្រូវការទីផ្សារនាពេលអនាគត។

ប៉ុន្តែដើម្បីចាប់យកនូវកាលានុវត្តភាពនេះ កម្ពុជាចាំបាច់ត្រូវធ្វើការវិនិយោគបន្ថែម និងការឯកភាពជាធ្លុងមួយ រវាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម និងហានិភ័យនានាដូចជា៖ ភាពទន់ខ្សោយខ្សែចង្វាក់តម្លៃ កង្វះព័ត៌មានទីផ្សារ ការផ្គត់ផ្គង់មិនទៀតទាត់ និងគុណភាពប្រែប្រួលនៃដំឡូងមី ដែលជាកត្តារាំងស្ទះដល់ការលូតលាស់នៃឧស្សាហកម្មដំឡូងមីនៅកម្ពុជា។

យោងតាមស្ថិតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ទៃដីដាំដុះដំឡូងមី បានកើនពីប្រមាណ ៣០ ០០០ហិកតា ក្នុងឆ្នាំ ២០០៥ ដល់ ៦៨៤ ០៧០ហិកតា ក្នុងឆ្នាំ ២០១៦ កន្លងមកនេះ។

ផ្ទៃដីប្រមូលផលក្នុងឆ្នាំ ២០១៦ មានចំនួន ៦៧៥ ១២៦ហិកតា ទទួលបានបរិមាណផលសរុបប្រមាណ ១៤,៨លានតោន ទិន្នផលមធ្យមជិត ២២តោន/ហិកតា។

ទីផ្សារនាំចេញផលិតផលដំឡូងមី ត្រូវបានពង្រីកពី ៤ប្រទេស (ថៃ, វៀតណាម, ចិន, បារាំង) ក្នុងឆ្នាំ២០១៤ ទៅ ១៦ប្រទេស ក្នុងឆ្នាំ២០១៦ រួមមាន៖ កាណាដា, ចិន, អង់គ្លេស, ហ្វាំងឡង់, ឥណ្ឌា, អ៊ីតាលី, កូរ៉េ, លីទុយអានី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហូឡង់, ញូវហ្សឺលែន, កោះតៃវ៉ាន់, ថៃ, អាមេរិក និងវៀតណាម៕

មតិយោបល់