កាលពីម្សិលមិញនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានស្នើភាគីចិនធ្វើការអភិវឌ្ឍចង្វាក់តម្លៃបន្ថែម សម្រាប់ដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីពង្រីកការនាំចេញផលិតផលទាំងពីរនេះឲ្យបានអតិបរិមា។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងពាណិជ្ជកម្ម។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបប្រតិភូកសិកម្មចិន ដឹកនាំដោយលោក ហ៊ឺ ជៀនយ៉ាង (HE Jianxiang) អគ្គនាយករង ទទួលបន្ទុកការិយាល័យកែច្នៃផលិតផលកសិកម្ម នៃក្រសួងកសិកម្មប្រទេសចិន អំពីអត្ថប្រយោជន៍នៃដំឡូងមី ដែលជាដំណាំអាទិភាពទី២ និងមានសក្តានុពលនាំចេញខ្ពស់របស់កម្ពុជា បន្ទាប់ពីដំណាំស្រូវ ព្រមទាំងផ្លែមៀនប៉ៃលិន ដែលជាឈើហូបផ្លែមានតម្រូវការខ្ពស់នៅលើទីផ្សារ។
ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាកំពុងចងក្រងគោលនយោបាយដំឡូងមី និងដំណាំផ្សេងៗរួមទាំងមៀនប៉ៃលិន ដើម្បីជំរុញការអភិវឌ្ឍចង្វាក់តម្លៃ និងការនាំចេញ សំដៅធ្វើពិពិធកម្មវិស័យការងារជូនប្រជាជន និងកាត់បន្ថយភាពក្រីក្រ។
ជាការឆ្លើយតប លោក ហ៊ឺ ជៀនយ៉ាង បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រីដែលបានផ្តល់ព័ត៌មានអំពីដំណាំសក្តានុពលរបស់កម្ពុជា ហើយលោកបានសន្យានឹងយកសំណើនេះ ទៅពិភាក្សាឲ្យបានស៊ីជម្រៅ និងសិក្សាបន្ថែម អំពីលទ្ធភាពសហការវិនិយោគលើការអភិវឌ្ឍចង្វាក់តម្លៃនៃផលិតផលទាំងពីរ និងដំណាំសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ដូចជា ពោត ស្រូវ និងស្វាយជាដើម។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងចិន និងកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ជាមធ្យម ២៦% ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ ដោយឡែកភ្ញៀវទេសចរណ៍ចិន ដែលមកកម្ពុជាបានកើនដល់ ៨៣ម៉ឺននាក់នៅក្នុងឆ្នាំ ២០១៦ គឺបានកើនឡើង ២០% បើធៀបនឹងឆ្នាំ២០១៥។ នៅក្នុងឆ្នាំ២០១៨នេះ ចិនក៏បានយល់ព្រមឲ្យកម្ពុជានាំចូលអង្ករ ៣០ម៉ឺនតោនផងដែរ៕
មតិយោបល់