កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយភាគីចិន ក្នុងទំហំទឹកប្រាក់ ប្រមាណ ៥២៥.៩លានដុល្លារអាមេរិក ដើម្បីធ្វើការនាំចេញនូវ ផលិតផលកសិកម្មដូចជាម្រេច ចេក និងចំណិតដំឡូងមីក្រៀមជាដើម ទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រមានិតចិន។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។
ថ្លែងក្នុងជំនួបពាណិជ្ជកម្ម និងការចុះអនុស្សរណៈយោគយល់គ្នារវាងកម្ពុជា និងចិន ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា អនុស្សរណៈនេះ នឹងក្លាយជាឱកាសល្អ សម្រាប់បើកទីផ្សារថ្មីបន្ថែមដល់ប្រជាកសិករកម្ពុជា ឱ្យមានទីផ្សារច្បាស់លាស់ ជាមួយនឹងក្រុមហ៊ុនចិនទាំង ២៣ នៅក្នុងប្រទេសចិន។
ឯកឧត្តម បានបន្តថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា អាចរក្សាបាននូវសន្ទុះអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស ដោយប្រទេសចិន បានក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី ១ និងជាប្រភពនាំចូលធំទី១ផងដែររបស់ កម្ពុជា។
បើគិតពីទំហំនៃការដោះដូរពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៧នេះ បានកើនដល់៥,០០០លានដុល្លារអាមេរិក គឺកើនឡើងប្រមាណ ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក សុង សៀនម៉ៅ ទីប្រឹក្សាពាណិជ្ជកម្មនៃនាយកដ្ឋានពាណិជ្ជកម្មនៃ សាធារណរដ្ឋប្រមានិតចិន ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ក្រោយកិច្ចព្រមព្រៀងនេះ គឺភាគីចិន នឹងប្រមូលទិញរាល់ផលិតផល កសិកម្ម ដូចជាម្រេច ក្រូចឆ្មារ ចេក កៅស៊ូ ស្វាយចន្ទី ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី និងកៅស៊ូសិប្បនិម្មិត ដើម្បីនាំចេញទៅទីផ្សារចិន។
លោកបានលើកឡើងថា ភាគីចិន ក៏បានលើកឡើងពីគម្រោងបង្កើតជារោងចក្រកែច្នៃ និងវេចខ្ចប់ ផលិតផលកសិកម្មកម្ពុជា ឱ្យធានាបាននូវគុណភាពស្ដង់ដារខ្ពស់ សម្រាប់ត្រៀមនាំចេញទៅទីផ្សារចិន និងទីផ្សារអន្តរជាតិ ក្រៅពីប្រទេសចិនផងដែរ ៕
មតិយោបល់