រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថា ក្រសួង បានចាប់ផ្ដើមរៀបចំអនុក្រឹត្យពាក់ព័ន្ធនឹងដីចំណីផ្លូវ ដើម្បីការពារកុំឱ្យប្រជាពលរដ្ឋយកទៅសាងសង់ផ្ទះ ការលក់ដូរ ឬមកប្រើប្រាស់ធ្វើ ជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងកំពុងតែរៀបចំអនុក្រឹត្យទាក់ទងនឹងការការពារចំណីផ្លូវ ដែលក្រសួងប្ដេជ្ញាត្រូវតែធ្វើឱ្យបានពីព្រោះបញ្ហានេះមានការលំបាកខ្លាំងណាស់ ខណៈដែលមានការសាងសង់ផ្លូវ រាជរដ្ឋាភិបាលបានចំណាយថវិកាច្រើនណាស់ក្នុងការ ដោះស្រាយផលប៉ះពាល់ទាក់ទងនឹងដីចំណីផ្លូវ។
ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការរៀបចំអនុក្រឹត្យ និងវិធានការសម្រាប់ ការពារដល់ដីចំណីផ្លូវនេះ គឺដើម្បីកុំឱ្យប្រជាពលរដ្ឋ យកទៅសាងសង់ផ្ទះ ការលក់ដូរ និងចាត់ទុកដី ចំណីផ្លូវ ជាកន្លែងចាក់សំរាម ដែលបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ និងស្ទះលូផងដែរ។
ឯកឧត្តមរដ្ឋមន្រ្ដី បានបន្ដថា មានបងប្អូនប្រជាពលរដ្ឋខ្លះបានរស់នៅលើ ដីចំណីផ្លូវ ដែលការរស់នៅនេះគឺជាការខុសច្បាប់ ប៉ុន្ដែនៅពេលដែលត្រូវការសាងសង់ផ្លូវ ឬតម្រូវឱ្យពួកគាត់ រើចេញ រាជរដ្ឋាភិបាលត្រូវសងសំណងជូនដល់ពួកគាត់ថែមទៀត។
ឯកឧត្តមបានលើកឡើងថា រហូតមកដល់ពេលនេះ ក្រសួងសាធារណការ បាននិងកំពុងតែ រៀបចំអនុក្រឹត្យពាក់ព័ន្ធនឹងដីចំណីផ្លូវនេះ ដោយមានការចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើយ៉ាងណាឱ្យអនុក្រឹត្យនេះ យកទៅអនុវត្ដន៍បានល្អ និងការពារចំណីផ្លូវបានត្រឹមត្រូវ។
ឯកឧត្តមរដ្ឋមន្រ្ដីបានពន្យល់ថា កន្លងមក គម្រោងសាងសង់ផ្លូវបានរួចរាល់ហើយ ទើបចាប់ផ្ដើមជីកដាក់លូតាមក្រោយ ដែលការអនុវត្ដដូចនេះ ដោយសារតែរាជរដ្ឋាភិបាលមិនទាន់ មានថវិកាគ្រប់គ្រាន់ក្នុងការកសាងផ្លូវ និងលូ។
ប៉ុន្ដែចាប់ពីគម្រោងកសាងផ្លូវក្រោយៗនេះតទៅ ក្រសួងសាធារណការ នឹងរៀបចំធ្វើទាំងផ្លូវ និងដាក់ប្រព័ន្ធលូជាមួយគ្នា ដោយពិភាក្សា ជាមួយដៃគូអភិវឌ្ឍន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការផ្ដល់ថវិកាឱ្យបានគ្រប់គ្រាន់៕
មតិយោបល់