ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ចង់ទាក់ទាញទេសចរជុំវិញពិភពលោក មកទស្សនាព្រៃត្រូពិកធំជាងគេនៅតំបន់អារ៉ែង

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយប្រជាពលរដ្ឋនៅទីនោះ បានអំពាវនាវដល់ភ្ញៀវទេសចរនៅជុំវិញពិភពលោក អញ្ជើញមកទស្សនាតំបន់ព្រៃត្រូពិក (Tropic Forest) ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានតែមួយគត់នៅតំបន់ស្ទឹងអារ៉ែង នៃស្រុកថ្មបាំង ខេត្តកោះកុង។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតតំបន់អេកូទេសចរណ៍អារ៉ែងនេះឡើង ដើម្បីជួយជ្រោមជ្រែងដល់ជីវភាពប្រជាពលរដ្ឋ ការពារធនធានធម្មជាតិ តាមរយៈការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកទស្សនាតំបន់នេះផងដែរ។

ក្រសួងទេសចរណ៍ បានបណ្ដុះបណ្ដាលលើជំនាញមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ សុវត្ថិភាពចំណីអាហារ អនាម័យ បរិស្ថានជាដើម ដល់ប្រជាសហគមន៍ក្នុងតំបន់នេះ។

លើសពីនេះ រាជដ្ឋាភិបាលបាននិងកំពុងធ្វើការសាងសង់យ៉ាងសកម្មនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បណ្តាញអគ្គិសនី ប្រព័ន្ធទូរគមនាគមន៍ មណ្ឌលសុខភាព មណ្ឌលរដ្ឋបាល សកម្មភាពការងាររបស់មជ្ឈមណ្ឌលកម្ចាត់មីន ក្រុមការងារសុខាភិបាលចុះត្រួតពិនិត្យជំងឺគ្រុនចាញ់ និងសមិទ្ធផលជាច្រើនទៀត។

កម្ពុជា ចង់ឃើញភ្ញៀវទេសចរមកពីជុំវិញពិភពលោក អញ្ជើញមកទស្សនាកម្សាន្តតំបន់អេកូទេសចរណ៍ ពិសេសមកឈរគយគន់ព្រៃត្រូពិកចុងក្រោយគេ និងធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍នេះ។

ប្រធានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង លោក ទិត្យ លី បានបញ្ជាក់ថា​ តាំងពីបង្កើតសហគមន៍អេកូទេសចរណ៍នេះមក ប្រជាសហគមន៍បានផ្លាស់ប្ដូរមុខរបរពីការបរបាញ់ កាប់ព្រៃឈើ មកជាមគ្គុទ្ទេសក៍នាំភ្ញៀវទេសចរដើរទស្សនាតំបន់អេកូទេសចរណ៍វិញ។

តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍នៅតំបន់អារ៉ែងនេះ ប្រជាសហគមន៍នឹងទទួលបានចំណូល និងអត្ថប្រយោជន៍ច្រើនជាងការកាប់ព្រៃឈើ បរបាញ់សត្វព្រៃ។

ជាបទពិសោធន៍ដូចនៅសហគមន៍អេកូទសចរណ៍ជីផាត់ ប្រជាជនឈប់បរបាញ់សត្វ ឈប់កាប់ព្រៃឈើ ហើយងាកមកប្រកបមុខរបរផ្តល់សេវាទេសចរណ៍ដល់ភ្ញៀវទេសចរ ដូចជា មគ្គុទ្ទេសក៍នាំភ្ញៀវ ចុងភៅចល័ត ផ្ទះស្នាក់សហគមន៍ ផ្តល់សេវាម្ហូបអាហារ ដឹកជញ្ជូន។ល។

សូមជំរាបថា តំបន់សហគមន៍អេកូទេសចរណ៍អារ៉ែង ស្ថិតនៅចំងាយ ៣៤០គម ពីរាជធានីភ្នំពេញ និង ៨០គម ពីទីរួមខេត្តកោះកុង(៥០គម ពីផ្លូវជាតិលេខ៤៨) សំបូរដោយសក្តានុពលទេសចរណ៍ធម្មជាតិល្អឯក មានគោលដៅទេសចរណ៍ជាង ៦០ ដែលគួរទៅទស្សនា ដូចជា តំបន់ទឹកធ្លាក់ឆាយអារ៉ែង ឆាយហ៊ិង អូរពោធិ៍ប្រាំបួន តំបន់ដើរផ្សងព្រេង តំបន់មើលថ្ងៃលិច ជម្រកសត្វក្រពើភ្នំ ជម្រកត្រីនាគ តំបន់ពាងក្រឡបូរាណ តំបន់ជនជាតិភាគតិចកំពុងរស់នៅ៕

មតិយោបល់