ព័ត៌មានសេដ្ឋកិច្ច

ប្រើប្រាស់កម្មវិធី Grab ម្តង ចូលរួមបរិច្ចាគ ១ដុល្លារ គាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា

Grab ដែលជាក្រុមហ៊ុនផ្គត់ផ្គង់តម្រូវការសេវាកម្មធ្វើដំណើរ ​និងការទូទាត់ប្រាក់ចល័តតាមទូរស័ព្ទ ឈានមុខគេនៅតំបន់អាស៊ីគ្នេយ៍នៅថ្ងៃនេះ បានប្រកាសពីការបើកដំណើរការកម្មវិធីសប្បុរសធម៌ ដោយបានចាប់ដៃគូ ជាមួយនឹងមន្ទីរពេទ្យគន្ធបុប្ផា។

ចាប់ពីថ្ងៃទី ១២ ខែកុម្ភ: ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៨ ក្រុមហ៊ុន Grab នឹងចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ១ដុល្លារអាមេរិក តាមរយ:ការប្រើប្រាស់កូដ KANTHA ទៅដល់មន្ទីរពេទ្យគន្ធបុប្ផា។

ថវិកាដែលប្រមូលបាន នឹងយកទៅចូលរួមឧបត្ថម្ភដល់ការថែទាំសុខភាពសម្រាប់កុមារ ដែលមានការខ្វះខាត ហើយការចាប់ផ្ដើមកម្មវិធីបរិច្ចាគនេះ ត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្តី្រ និងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ លោកវេជ្ជបណ្ឌិត Denis Laurent ដែលជាអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា «ក្រសួងសាធារណការ និងដឹកជញ្ជូន ពិតជាពេញចិត្តចំពោះ Grab ដែលជាក្រុមហ៊ុនដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលចូលរួមគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនមួយដែលមានទំនួលខុសត្រូវ។ ក្រសួងកំពុងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ Grab តទៅថ្ងៃមុខទៀតសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត»។

លោក Wee Tang Yee ជាប្រធានក្រុមហ៊ុន Grab​ ប្រចាំប្រទេសថៃនិងកម្ពុជា បានមានប្រសាសន៍ថា «បេសកកម្មរបស់ Grab គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅ តាមរយ:បច្ចេកវិទ្យារបស់យើង»។

លោកបានបន្តថា «ក្នុងនាមជាក្រុមហ៊ុន ដែលមានមូលដ្ឋានក្នុងស្រុកមួយ យើងប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍន៍ ក្នុងរយ:ពេលវែង និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។ យើងមានការជឿជាក់ នៅក្នុងកិច្ចសហការជាមួយដៃគូក្នុងស្រុក និងភាគីពាក់ព័ន្ធ ដើម្បីជំរុញឱ្យមានការរីកចម្រើន នៅក្នុងប្រទេស និងនៅទូទាំងប្រទេស ដែលជាសមាជិកអាស៊ាន។» មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ នូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន នៅក្នុងការជួយដល់កុមារដែលត្រូវការជំនួយ។

លោកវេជ្ជបណ្ឌិត Denis Laurent អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា ជារៀងរាល់ឆ្នាំមានកុមាររាប់លាននាក់បានឆ្លងកាត់ទ្វារមន្ទីរពេទ្យ ដើម្បីស្វែងរកការព្យាបាលដែលមានគុណភាពខ្ពស់។

ដោយសារតែមានការគាំទ្រពីដៃគូដូចជា Grab មន្ទីរពេទ្យអាចបន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារដែលឪពុកម្តាយរបស់ពួកគេ មិនអាចមានលទ្ធភាពក្នុងការចំណាយ។

ដើម្បីចូលរួមក្នុងការបរិច្ចាកនេះ អ្នកប្រើប្រាស់កម្មវិធី Grab អាចបញ្ចូលនូវកូដ KANTHA នៅពេលធ្វើការកក់រថយន្ត Grab សំរាប់ធ្វើដំណើរចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៨ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំខ្មែរ ហើយ Grab នឹងបរិច្ចាគទឹកប្រាក់ ១ដុល្លារ ទៅកាន់មូលនិធិគន្ធបុប្ផាសម្រាប់រាល់ការធ្វើដំណើរជាមួយ Grab៕

មតិយោបល់