យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ បានឱ្យដឹងថា ភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៤,៤៥៨នាក់ ស្រី ២,០៩០នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ២៦៤១នាក់ ស្រី ១២១៤នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ១៨១៧នាក់ ស្រី ៨៧៦នាក់ បានធ្វើដំណើរទៅលេងកម្សាន្តតាមកោះនានា ក្នុងខេត្តព្រះសីហនុ ក្នុងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម។
ទិន្នន័យខាងលើនេះ អាជ្ញាធរទទួលបានពីការចុះត្រួតពិនិត្យ និងកត់ត្រានៅតាមកំពង់ផែទូកដឹកជញ្ជូនភ្ញៀវទេសចរទាំង ៣ ទីតាំងផ្សេងគ្នានៅក្នុងក្រុងព្រះសីហនុ ។
ដោយសារអាកាសធាតុលើផ្ទៃសមុទ្រ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានសភាពស្ងប់ស្ងាត់ល្អ ពុំមានព្យុះភ្លៀងការធ្វើដំណើរកម្សាន្តតាមផ្លូវទឹក មានចំនួនភ្ញៀវទេសចរកើនឡើងជាងថ្ងៃទី ១ និងទី ២។
ទោះបីចំនួនភ្ញៀវកើនឡើងយ៉ាងណាក៏កម្លាំង នគរបាលចរាចរណ៍ផ្លូវទឹកបន្តចុះត្រួតពិនិត្យ និងធ្វើការណែនាំឱ្យម្ចាស់ជលយានដឹកជញ្ជូនភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវទឹក ត្រូវមានការប្រុងប្រយ័ត្ន និងបំពាក់អាវពោងសុវត្ថិភាពឱ្យ បានគ្រប់ៗគ្នាមុននឹងចេញដំណើរ ក៏ដូចជាការវិលត្រឡប់មកកាន់ដីគោកវិញដើម្បីបង្ការកុំឱ្យមានហានិភ័យផ្សេងៗកើតឡើងជាយថាហេតុ និងធានាសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកកម្សាន្ដ នៅក្នុងខេត្ដព្រះសីហនុ៕
មតិយោបល់