ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ឆ្នាំ២០១៨កន្លងទៅនេះ មានបងប្អូនប្រជាពលរដ្ឋ និងទេសចរអន្តរជាតិ បានធ្វើដំណើរកំសាន្ត នៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស មានចំនួនប្រមាណជាង៨៦៤,៧៧០នាក់ កើនឡើងប្រមាណ៥៤.៥៦%។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងទេសចរណ៍។
ក្នុងចំណោមភ្ញៀវទេសចរជិត ១លាននាក់នោះ មានទេសចរជាតិមានចំនួនប្រមាណ ៧៤៤,១៤០នាក់ កើនឡើងប្រមាណ ៤៧.៣២% និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ១០៥,៣៧០នាក់ កើនឡើង៩៣.៥៩%។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ដែលទើបតែកន្លងផុតទៅនេះ នៅខេត្តជាប់ព្រំដែនវៀតណាម រួមមានខេត្តព្រៃវែង ស្វាយរៀង ក៏មានភ្ញៀវទេសចរជនជាតិវៀតណាម ចូលមកលេងកម្សាន្តច្រើន ខណៈខេត្តជាប់ព្រំដែនថៃ រួមមានបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិនជាដើម ភ្ញៀវជនជាតិថៃ ក៏មានចូលមកកម្សាន្តច្រើនផងដែរ ដែលនេះបង្ហាញថា ប្រទេសជិតខាងក៏ពេញចិត្តមកលេងកំសាន្តលើទឹកដីកម្ពុជា ដែលកាលពីមុនភាគច្រើនពលរដ្ឋខ្មែរ ទៅលេងប្រទេសជិតខាង។
ម្យ៉ាងវិញដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត បានខិតខំយកចិត្តទុកដាក់អនុវត្តន៍តួនាទីភារកិច្ច ជំរុញដល់ការងារអភិវឌ្ឍ វិស័យទេសចរណ៍ក្នុងខេត្ត បានកាន់តែល្អប្រសើរឡើងជាលំដាប់ ហេដ្ឋារចនាសម្ព័ន្ធ ទៅកាន់តំបន់រមណីយដ្ឋាននានា មានភាពល្អប្រសើរ មានសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានល្អប្រសើរ ហើយតម្លៃម្ហូបអាហារ នៅតាមរមណីយដ្ឋាននានា ពុំមានការឡើងថ្លៃគួរឲ្យកត់សំគាល់ឡើយ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា តាមការសង្កេតមើលជាក់ស្តែង ប្រជាពលរដ្ឋមានភាពសប្បាយរីករាយយ៉ាងខ្លាំង ជាមួយសុខសន្តិភាពពេញផ្ទៃប្រទេស ដែលពួកគាត់មិនបានគិតអ្វីក្រៅ តែពីខិតខំប្រកបរបររកទទួលទាន ធ្វើឲ្យជីវភាពកាន់តែធូរធា និងដើរលេកម្សាន្តសប្បាយនោះទេ។
ដោយសារតែជីវភាពកាន់តែធូរធានេះហើយទើប មានប្រជាពលរដ្ឋកម្ពុជា មួយចំនួនមិនត្រឹមតែដើរកម្សាន្ត នៅក្នុងប្រទេសរបស់ខ្លួនទេ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ពួកគាត់ថែមទៅកម្សាន្តក្រៅប្រទេសរួមមានប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី ចិន និងប្រទេសផ្សេងៗមួយចំនួនទៀត៕
មតិយោបល់