ដូចការរំពឹងទុក Apple បានប្រញាប់ចេញកម្មវិធីកំណែថ្មីនៃប្រព័ន្ធ iOS 11 របស់ខ្លួន បន្ទាប់ពីគេរកឃើញកំហុសឆ្គងមួយដែលធ្វើឱ្យកម្មវិធីសារផ្សេងៗលើទូរសព្ទ iPhone ក៏ដូចជា iPad ដើរដោយប្រព័ន្ធ iOS 11.2.5 ជាប់គាំងទូទាំងពិភពលោក នៅពេលដែលមានសារផ្ញើចូលដោយភ្ជាប់មកជាមួយតួអក្សរជាភាសា Telugu របស់ឥណ្ឌា។
បញ្ហានេះ មិនជាធំដុំអ្វីទេសម្រាប់អ្នកប្រើប្រាស់ iPhone ទូទៅ ប៉ុន្តែ មួយរយៈពេលចុងក្រោយ ពោលគឺបន្ទាប់ពីគេរកឃើញកំហុសឆ្គងខាងលើ មានអ្នករពិសដៃមួយចំនួនបានផ្ញើសារជាភាសា Telugu ទៅមិត្តភក្តិ ឬអ្នកដទៃដើម្បីទុកជាការលេងសើច តាមរយៈកម្មវិធី iMessage ឬកម្មវិធីបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ។ នៅពេលអ្នកទទួលសារបើកមើលសារទាំងនោះ កម្មវិធីសាររបស់ពួកគេនឹងជាប់គាំងបើកលែងចេញភ្លាមៗតែម្តង។
ទោះយ៉ាងណា iOS 11.2.6 គ្រាន់តែជាកំណែដ៏តូចមួយប៉ុណ្ណោះ អ្វីដែល Apple កំពុងប្រឹងប្រែងធ្វើនោះគឺ iOS 11.3 ដែលបច្ចុប្បន្ន បានឈានដល់ជំនាន់សាកល្បងទី២ ហើយ និងដែលលោកអ្នកអាចទាញយកទៅដំឡើងសាកល្បងដោយសេរី។
វិធីដំឡើង iOS 11.3 beta 2 លើ iPhone
ដើម្បីទទួលបានកំណែថ្មីចុងក្រោយនេះ លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Settings -> General -> Software Update ហើយចុច Download & Install រួចរង់ចាំរហូតដល់ដំណើរការទាញយក និងដំឡើងចប់ជាការស្រេច៕

មតិយោបល់