ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង លុបចោលកិច្ចប្រជុំគ្រោងទុក ជាមួយអនុប្រធានាធិបតីអាមេរិក

អាមេរិក: ក្រុមមន្ត្រីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃអង្គារ៍ថា អនុប្រធានាធិបតីអាមេរិក លោក Mike Pence គ្រោងនឹងជួបជាមួយមន្រ្តីកូរ៉េខាងជើង រួមទាំងប្អូនស្រីរបស់មេដឹកនាំលោក គីម ជុងអ៊ុន នៅអំទ្បុងពេលព្រឹត្តិការណ៍ប្រកួតកីទ្បាអូទ្បាំពិករដូវរងារ ក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែត្រូវបានកូរ៉េខាងជើងលុបចោល។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨។

នាយសេនាធិការរបស់អនុប្រធានាធិបតីអាមេរិក លោក Nick Ayers បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កូរ៉េខាងជើង បាននិយាយពាក្យផ្អែមល្ហែម នៅក្នុងពិធីជួបប្រជុំគ្នាមួយ ដោយសង្ឃឹមថា អនុប្រធានាធិបតីអាមេរិក នឹងបន្ទន់ឥរិយាបទរបស់លោក ចំពោះការឃោសនារបស់ពួកគេ នៅក្នុងការប្រកួតកីឡាអូឡាំពិក»។

ប៉ុន្តែផ្ទុយទៅវិញលោក Pence បានធ្វើការថ្កោលទោសចំពោះការរំលោភសិទ្ធិមនុស្សរបស់កូរ៉េខាងជើង និងថែមទាំងប្រកាសផែនការ សម្រាប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើក្រុងព្យុងយ៉ាង ដែលធ្វើឲ្យពួកគេបានដើរចេញពីកិច្ចប្រជុំមួយនោះ។

តាមការបញ្ជាក់ពីក្រុមមន្ត្រីអាមេរិក បានឲ្យដឹងថា លោក Pence នឹងជួបជាមួយលោកស្រី គីម យូជុង និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េខាងជើង លោក គីម យ៉ុងណាម កាលពីថ្ងៃទី១០ ខែកុម្ភ: រយពេល ២ ម៉ោង មុននឹងចាប់ផ្តើមការប្រកួតកីទ្បាអូទ្បាំពិក ប៉ុន្តែត្រូវបានកូរ៉េខាងជើងលុបចោលផងដែរ។

ដោយក្រុងព្យុងយ៉ាងមើលឃើញថា ការជួបគ្នានេះ នឹងក្លាយជាជំនួបលើកដំបូងរវាងមន្រ្តីជាន់ខ្ពស់រដ្ឋបាលលោក ត្រាំ និងក្រុងព្យុងយ៉ាង ដែលស្ថិតក្រោមភាពតានតឹង ជុំវិញការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលអាចវាយប្រហារដល់អាមេរិក៕

មតិយោបល់