កម្ពុជា បានស្នើដល់ភាគីសាធារណរដ្ឋកូរ៉េ ឲ្យជម្រុញពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបាន ២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២០ ព្រមទាំងជួយទិញផ្លែស្វាយពីកម្ពុជា ឲ្យបានកាន់តែច្រើន។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។
ចំពោះការវិនិយោគរបស់ កូរ៉េមានទំហំទឹកប្រាក់ជាង ២០០លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧ ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យអ្នកវិនិយោគកូរ៉េ មកវិនិយោគនៅកម្ពុជាកាន់តែច្រើន។
នៅឆ្នាំ ២០១៩ខាងមុខ កូរ៉េ គ្រោងនឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមថាមានការរីកចម្រើនថែមទៀត រវាងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ហើយក៏ស្នើ ឲ្យមានការហោះហើរត្រង់ពីកូរ៉េមកកម្ពុជា ឲ្យបាន ៧ ឬ៨ ជើងក្នុងមួយថ្ងៃ។
គិតមកត្រឹមឆ្នាំ ២០១៧ កម្ពុជាបានស្វាគមន៍គម្រោងវិនិយោគរបស់សាធារណរដ្ឋកូរ៉េចំនួន ២០៨គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៤.៧ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជាការកត់សម្គាល់ គម្រោងវិនិយោគរបស់សាធារណរដ្ឋកូរ៉េ មានការកើនឡើងជាលំដាប់ ជាពិសេសនៅឆ្នាំ២០១៧ អ្នកវិនិយោគសាធារណរដ្ឋកូរ៉េបានបោះទុនវិនិយោគដល់ទៅ ២០២លានដុល្លារអាមេរិក ច្រើនជាងពេលណាៗទាំងអស់ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ និងឈរនៅលំដាប់ទី ៥ ក្នុងចំណោមទុនវិនិយោគបរទេសមកកម្ពុជា ដែលទំហំវិនិយោគនេះ បានបង្ហាញអំពីភាពកាន់តែជឿជាក់ទៅលើបរិយាកាសវិនិយោគនៅកម្ពុជា ពីសំណាក់អ្នកវិនិយោគសាធារណរដ្ឋកូរ៉េ៕


មតិយោបល់