អចលន​ទ្រព្យ

ស្ថានីយបូមទឹកបូរី ១០០ខ្នង សាងសង់បាន ៥០% ត្រៀមរំដោះទឹកភ្លៀងនៅរដូវវស្សា

ស្ថានីយបូមទឹកបូរី ១០០ខ្នង ជាប់ផ្លូវរថភ្លើងក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មកដល់ពេលនេះ ស្ថាបនាសម្រេចបាន ៥០ភាគរយហើយ និងកំពុងមមាញឹកដើម្បីឱ្យរួចរាល់នាពេលឆាប់ៗខាងមុខនេះ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀង នៅរដូវវស្សាខាងមុខនេះ។

គិតត្រឹមដើមខែមីនានេះ ស្ថានីយបូមទឹកបូរី ១០០ខ្នង សាងសង់បាន ៥០ភាគរយហើយ និងកំពុងមមាញឹកឱ្យរួចរាល់នាពេលមុខនេះ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សាខាងមុខនេះ។

ការសាងសង់ស្ថានីយបូមទឹកនេះ ពិតជាមានសារៈសំខាន់ ក្នុងការដោះស្រាយបញ្ហាទឹកលិចនៅតំបន់ទួលគោកប៉ែកខាងលិច តំបន់ចន្លោះប៉ែកខាងជើង មហាវិថីសហព័ន្ធរុស្ស៊ី ផ្លូវរថភ្លើង។

ស្ថានីយបូមទឹកនេះ ប្រើប្រាស់វេលានៃការស្ថាបនាក្នុងរយៈពេល ៤ខែ ហើយក្រោយពីស្ថាបនារួចស្ថានីយនេះ នឹងមានសមត្ថភាពបូមទឹកចេញបានទាន់ពេល។

នាពេលកន្លងមកនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជំរុញពន្លឿនការងារស្ថាបនាស្ថានីយបូមទឹកនេះ ធ្វើយ៉ាងណាស្ថាបនាឱ្យបានលឿន នឹងបានរួចរាល់ទៅតាមគម្រោងផែនការដែលបានគ្រោងទុក ដើម្បីត្រៀមបូមរំដោះទឹកចេញឱ្យបានទាន់ពេលពី តំបន់លិចលង់នៅប៉ែកខាងលិច និងប៉ែកខាងជើងផ្លូវរថភ្លើង នារដូវវស្សាខាងមុខនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញ មានស្ថានីយបូមទឹកសរុបចំនួន ១៣កន្លែង គឺស្ថានីយបូមទឹកបឹងត្របែក បឹងទំពន់ បឹងសាឡាង ទួលគោក១ ទួលគោក២ ព្រះគន្លង់១ ព្រះគន្លង់២ ស្ថានីយផ្សារចាស់ ស្ថានីយចតុមុខ ស្ថានីយស្វាយប៉ាក ស្ថានីយកប់ស្រូវ ស្ថានីយទួលសំពៅ និងស្ថានីយបូមទឹកបូរី ១០០ខ្នង៕

មតិយោបល់