ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលបានថវិកាសរុបចំនួន ១៩០ លានដុល្លារ ដែលក្នុងនោះ ៨៥ លានដុល្លារ ជាហិរញ្ញប្បទានឥតសំណង និង ១០៥ លានដុល្លារ ជាហិរញ្ញប្បទានសម្បទានពីមូលនិធិអាកាសធាតុបៃតង (GCF) សម្រាប់អនុវត្តគម្រោងប្រែប្រួលអាកាសធាតុនៅកម្ពុជា ម៉ុងហ្គោលី និងតាជីគីស្ថាន ដែលជួយបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ ADB ក្នុងការកៀរគរហិរញ្ញប្បទានអាកាសធាតុឱ្យបានកាន់តែច្រើន សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក។
លោក Bambang Susantono អនុប្រធាន ADB ទទួលបន្ទុកការគ្រប់គ្រងចំណេះដឹង និងការអភិវឌ្ឍប្រកបដោយចីរភាពមានប្រសាសន៍ថា ផែនការប្រកបដោយមហិច្ឆតារបស់ ADB គឺផ្ដល់ហិរញ្ញប្បទានប្រចាំឆ្នាំ សម្រាប់គម្រោងអាកាសធាតុឱ្យបាន ៦ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២០ ចេញពីធនធានផ្ទាល់របស់ខ្លួន។
ហិរញ្ញប្បទានដែលបានពីមូលនិធិ GCF នឹងបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ជាសមាជិករបស់យើង ឱ្យអាចឆ្លើយតបផលប៉ះពាល់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងបំពេញទៅតាមការប្ដេជ្ញាចិត្តរបស់ខ្លួន ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។
កាលពីឆ្នាំ ២០១៧ ADB បានផ្ដល់ហិរញ្ញប្បទានអាកាសធាតុជាង ៤,៥ពាន់លានដុល្លារ ពីធនធានផ្ទាល់របស់ខ្លួន ដែលក្នុងនោះ ៣,៦ពាន់លានដុល្លារ សម្រាប់ការកាត់បន្ថយផលប៉ះពាល់ និង ៩៣០លានដុល្លារ សម្រាប់ការបន្សាំ និងបានកៀរគរថវិកាចំនួន ៦៩៦លានដុល្លារបន្ថែមទៀត ពីប្រភពខាងក្រៅ។
នៅកម្ពុជា មូលនិធិ GCF នឹងផ្ដល់ហិរញ្ញប្បទានឥតសំណង ៣០ លានដុល្លារ និងហិរញ្ញប្បទានសម្បទាន ១០ លានដុល្លារ ដើម្បីបំពេញបន្ថែមដល់ហិរញ្ញប្បទានសម្បទាន ៩០ លានដុល្លារ ដែល ADB បានផ្ដល់ ដើម្បីជួយអភិវឌ្ឍន៍សង្វាក់ផ្គត់ផ្គង់កសិពាណិជ្ជកម្ម ដែលអំណោយផលចំពោះអាកាសធាតុ។
មូលនិធិ GCF នឹងត្រូវប្រើប្រាស់ ដើម្បីបង្កើនភាពធន់ និងផលិតភាពនៃការបង្កបង្កើនដំណាំគោលដៅ ស្ដារហេដ្ឋារចនាសម្ព័ន្ធផលិតកម្មនិងក្រោយប្រមូលផលឱ្យអាចធន់ទ្រាំទៅនឹងអាកាសធាតុ និងកាត់បន្ថយបរិមាណកាបូន ដែលបំភាយក្នុងសង្វាក់ផ្គត់ផ្គង់ តាមរយៈការជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាពន្លឺព្រះអាទិត្យ និងជីវថាមពល។
ជំនួយសម្រាប់គម្រោងទាំងបី គឺបន្ថែមពីលើហិរញ្ញប្បទានឥតសំណង ៧៥ លានដុល្លារ ដែលមូលនិធិ GCF បានអនុម័តផ្ដល់ដល់គម្រោង ADB នៅតំបន់ប៉ាស៊ីហ្វិក ដែលក្នុងនោះមានហិរញ្ញប្បទានឥតសំណងសម្រាប់ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងទឹកប្រាក់ ៣១ លានដុល្លារ កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៥ ដើម្បីកែលម្អការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត និងទឹកស្អុយក្នុងទីក្រុង ក្នុងប្រទេសហ្វីជី ដែលគ្របដណ្ដប់ប្រជាពលរដ្ឋប្រមាណ ៨៦០.០០០ ស្មើនឹង ១ ភាគ ៣ នៃចំនួនប្រជាពលរដ្ឋសរុបក្នុងប្រទេសនេះ។
កិច្ចប្រជុំលើកទី ១ កាលពីឆ្នាំ ២០១៨ ក្រុមប្រឹក្សាភិបាលនៃមូលនិធិ GCF បានអនុម័តលើគម្រោងចំនួន ២៣ ដែលមានតម្លៃសរុប ១ ពាន់លានដុល្លារ ដែលគាំទ្រពីហិរញ្ញប្បទានរបស់មូលនិធិ GCF នេះ។ ADB គឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័នចំនួន ៥៩ ដែលមូលនិធិ GCF បានទទួលស្គាល់ថាអាចជាច្រកសម្រាប់យកធនធានពី GCF ទៅប្រើប្រាស់ ដើម្បីអនុវត្តគម្រោង និងកម្មវិធីនានា នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
មានមូលដ្ឋានក្នុងទីក្រុងសុងដូ មូលនិធិ GCF ជាមូលនិធិសកល ដែលត្រូវបង្កើតឡើងដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការឆ្លើយតប ចំពោះបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ មូលនិធិនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ដោយរដ្ឋាភិបាលចំនួន ១៩៤ ប្រទេស ដើម្បីកំហិត ឬកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងជំរុញឱ្យមានលំហូរហិរញ្ញប្បទានអាកាសធាតុ ដើម្បីវិនិយោគលើការអភិវឌ្ឍ ដែលនាំឱ្យមានការបំភាយឧស្ម័នក្នុងកម្រិតមួយទាប និងដែលធន់ទៅនឹងអាកាសធាតុ៕
មតិយោបល់