ព័ត៌មានជាតិ

ផ្អើលទាំងយប់ រថយន្ត១គ្រឿង ពន្លះគូទរថយន្តឈប់ចតតាមដងផ្លូវ

ភ្នំពេញ: បុរសម្នាក់ស្រវឹងជោកជាំបើកបររថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន រួចក៏ជ្រុលទៅបុកគូទរថយន្តធំមួយ គ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៨ត្រង់ចំណុចខាងមុខផ្សារសុភាកមង្គល តាមបណ្តោយផ្លូវបេតុង៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសពីរនាក់ បើករថយន្តមួយគ្រឿងម៉ាក ហីយិនដាយ ពណ៌ស ជាប្រភេទរថយន្តសណ្តោងដឹកធ្យុងថ្ម ពាក់ស្លាកលេខ ភ្នំពេញ3D-2037 ដោយធ្វើដំណើរតាមបណ្តោយផ្លូវបេតុង៣០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តខាងលើ ក៏បានឈប់រថយន្តអែបទៅចិញ្ចើមផ្លូវ រួចក៏ចុះទៅនោម ស្រាប់តែមួយសន្ទុះក្រោយមក មានរថយន្តមួយគ្រឿងទៀតម៉ាក តូយូតាស៉ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AQ-7908 ដែលបើកបរដោយបុរសជាជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ ជាមួយនិងល្បឿនយ៉ាងលឿន មកពីក្រោយ ក៏ជ្រុលទៅបុកគូទរថយន្តខាងលើចំពេញទំហឹង បណ្តាលឲ្យរថយន្តសណ្តោងធន់ធំរងការខូចខាតបន្តិចបន្តួច ចំណែកឯរថយន្តបង្ករងការខូចខាតក្រពឹកផ្នែកខាងមុខ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុភាគីទាំងពីរ មិនចង់មានរឿងវែងឆ្ងាយ ក៏ព្រមយករថយន្តទៅជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់